ព័ត៌មានជាតិ

W.B ផ្តល់អនុសាសន៍ឱ្យកម្ពុជា ចំណាយលើសង្គមកិច្ចឱ្យច្រើន ជាជាងតម្លើង ប្រាក់បៀវត្សរិ៍

ភ្នំពេញ៖ ប្រទេស​កម្ពុជាគួរ​ខិត​ខំប្រឹង​ប្រែង​​បន្ថែម​ទៀត​ ក្នុង​ការ​ប្រែក្លាយការ​​​ចំណាយសាធារណៈ​​កាន់​តែ​ច្រើន​ទៅលើ​វិស័យ​សង្គមកិច្ច​នេះ ដើម្បីធ្វើឱ្យការចំណាយនេះទទួល​បាន​គុណ​ផល​​ផ្នែកសុខាភិបាល​និង​ផ្នែក​អប់​រំ​ កាន់តែល្អ​​ប្រសើ​ឡើង ជាជាងតម្លើងប្រាក់បៀវត្សរិ៍ជូនមន្ត្រីរាជការ ។ នេះបើតាមការ​ផ្តល់​អនុសាសន៍​របស់ធនាគារពិភពលោកនៅក្នុង​របាយការណ៍​មួយ​ស្តីពី​ការត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ​សាធារណៈ ក្រោម​ចំណង​ជើង​ថា Public Financial Review, Cambodia: From Spending More to Spending Better ដែល​​ចេញផ្សព្វផ្សាយ​នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។

ប្រភពដដែលនេះ បន្ថែមថាកន្លងមក កម្ពុជាមានលទ្ធភាពក្នុងការបញ្ចៀសផលប៉ះទង្គិចអាក្រក់ ពីការរាតត្បាតជំងឺកូវីដ-១៩ និងក្នុងការចាយវាយបានកាន់តែច្រើនទៅលើផ្នែកសង្គមកិច្ច ដោយសារការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈបានហ្មត់ចត់ និងការកើនឡើងនៃការប្រមូលចំណូល ដែលបានមកពីកំណើនថេរនៃសេដ្ឋកិច្ច ក្នុងចន្លោះឆ្នាំ១៩៩៥ និង២០១៩។

យ៉ាងណាក៏ដោយ ការកើនឡើងខ្លាំងនៃចំណាយនេះ គឺមួយផ្នែកធំកើតឡើងដោយសារការចំណាយទៅលើការដំឡើងប្រាក់បៀវត្សរ៍ទូទៅរបស់បុគ្គលិកក្នុងវិស័យសាធារណៈដោយមិនបានផ្សាភ្ជាប់ទៅនឹងសមិទ្ធកម្មការងារ។ ជាលទ្ធផល បច្ចុប្បន្ននេះ ប្រាក់បៀវត្សរ៍គោលជាមធ្យមនៅក្នុងវិស័យសាធារណៈ បានឡើងហួសប្រាក់បៀវត្សរ៍គោលរបស់បុគ្គលិក ដែលកាន់ការងារស្រដៀងគ្នា នៅក្នុងវិស័យឯកជន។

របាយការណ៍ខាងលើរកឃើញថា ការដំឡើងប្រាក់បៀរវត្សរ៍មិនទាន់បានប្រែក្លាយគុណផលការងារ ឱ្យមានភាពកាន់តែប្រសើរនៅឡើយទេ ជាពិសេស នៅក្នុងផ្នែកសង្គមកិច្ច។ គុណផលក្នុងវិស័យអប់រំមានភាពប្រសើរបន្តិចបន្តួចមែន ប៉ុន្តែនៅតែទាបបើប្រៀបធៀបជាមួយប្រទេសឯទៀតក្នុងតំបន់។ ការប្រើប្រាស់គ្រឹះស្ថានសេវាថែទាំសុខភាពសាធារណៈ នៅមានកម្រិតទាប ហើយពលរដ្ឋកម្ពុជាចាយលុយហោប៉ៅខ្លួនឯងទៅលើការព្យាបាលដោយពេទ្យ ក្នុងកម្រិតមួយខ្ពស់ជាងកម្រិតមធ្យមនៅក្នុងតំបន់  ខណៈដែលហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈគួរត្រូវបាន កែលម្អឱ្យមានភាពប្រសើរជាងមុន ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “កម្ពុជាគួរទទួលបានមកវិញនូវតម្លៃប្រសើរជាងមុន ពីការចំណាយរបស់ខ្លួនទៅលើផ្នែកសេវាសាធារណៈ ដើម្បីឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពបរិយាបន្ន យូរអង្វែង”។

លោកស្រីពោលបន្ថែមទៀតថា៖ “ត្រង់នេះសំដៅទៅលើការចាយវាយឱ្យកាន់តែមានប្រសិទ្ធផល តាមរយៈការគ្រប់គ្រងថវិកាឱ្យកាន់តែមានលក្ខណៈយុទ្ធសាស្ត្រ ដោយចងលក្ខខណ្ឌនៃការដំឡើងប្រាក់បៀវត្សរ៍ជាមួយនឹងសមិទ្ធកម្មការងារ ហើយធ្វើការថ្លឹងថ្លែងឱ្យបានប្រសើរជាងមុនក្នុងការបែងចែកធនធានថវិកា នៅតាមគ្រប់កម្រិតរបស់រដ្ឋាភិបាល។”

កម្ពុជាអាចរៀបចំដំណាក់កាលខាងមុខនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីកសាងភាពធន់ផ្នែកសារពើពន្ធ ដែលចាំបាច់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចំណាយរយៈពេលវែង និងចំពោះបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើងនៅក្នុងរបាយការណ៍ ដែលធនាគារពិភពលោកបានធ្វើឡើង តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការរៀបចំសម្រាប់កំណែទម្រង់នេះ អាចសម្រេចបានតាមរយៈការពង្រឹងតំណភ្ជាប់រវាងការរៀបចំផែនការ និងការរៀបចំថវិកា ព្រមទាំងការផ្សាភ្ជាប់រវាងការចំណាយ និងសមិទ្ធកម្មការងារ។ ការបង្កើនគណនេយ្យភាព និងការវាយតម្លៃសមិទ្ធកម្មការងារនៅក្នុងវិស័យសាធារណៈ និងការពង្រឹងការគ្រប់គ្រងថវិកាមូលធន ក៏នឹងរួមចំណែកបានកាន់តែធំដែរ ក្នុងការធ្វើឱ្យចំណាយកាន់តែទទួលបានប្រសិទ្ធផលល្អជាងមុន។

រាជរដ្ឋាភិបាលកម្ពុជាអាចបង្កើនការផ្គត់ផ្គងសេវាដ្ឋានសុខាភិបាលបាន តាមរយៈការដោះស្រាយបញ្ហាគុណភាពជាមូលដ្ឋាន នៅតាមគ្រឹះស្ថានសេវាដ្ឋានសុខាភិបាលសាធារណៈ បង្កើនការប្រើប្រាស់គ្រឹះស្ថានសុខាភិបាលសាធារណៈ ការធានាឱ្យមានលទ្ធភាពទទួលបានសេវាដ្ឋានសុខាភិបាលប្រកបដោយសមធម៌សម្រាប់ជនក្រីក្រ។ ដើម្បីធ្វើយ៉ាងណាឱ្យចំណាយលើវិស័យអប់រំកាន់តែមានប្រសិទ្ធផល អាជ្ញាធរអាចពង្រឹងដំណើរការនៃការជ្រើសរើស ការដាក់ពង្រាយ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្រៀន ព្រមទាំងតាមរយៈការចាត់ចែងមូលនិធិប្រតិបត្តិការសាលារៀន ឱ្យកាន់តែមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការរបស់សាលារៀននីមួយៗ។

លើសពីនេះ របាយការណ៍បានផ្តល់អនុសាសន៍ថា ការកែលម្អប្រតិបត្តិការឱ្យមានប្រសិទ្ធភាពជាងមុន ការគ្រប់គ្រងធនធានមនុស្ស និងការពង្រឹងសមត្ថភាពរបស់បុគ្គលិក  នៅតាមគ្រប់កម្រិតនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏នឹងរួមចំណែកធ្វើឱ្យការចំណាយសាធារណៈ អាចជះឥទ្ធិពលវិជ្ជមានបានកាន់តែប្រសើរថែមទៀតដែរ។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គងឆ្នាំ២០២៤ បញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងចំណាយ ចំនួន៨.៨២៩ប៊ីលានរៀល សម្រាប់បែងចែកលើវិស័យអាទិភាពដូចជា៖ សង្គមកិច្ច អប់រំ បណ្តុះបណ្តាល វិជ្ជាជីវៈ សុខាភិបាល ការកែទម្រង់រដ្ឋបាលសាធារណៈ ការដំឡើងបៀរវត្សរ៍ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាល ទាហាន ជាដើម។

ថវិកាជាតិ ដែលរាជរដ្ឋាភិបាលស្នើសុំរដ្ឋសភាអនុម័ត  គឺមានថវិកាសម្រាប់ការចំណាយនៅថ្នាក់ជាតិចំនួន៣៤.៤៩៧ប៊ីលានរៀល ត្រូវជា២៤,១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប ថយចុះ៥,៨ភាគរយ ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ខណៈចំណាយ នៅថ្នាក់ក្រោមជាតិគ្រោងចំនួន៤.៣៣២ប៊ីលានរៀល មានសមាមាត្រស្មើនឹង១១,៧ភាគរយ នៃចំណាយ ថវិការដ្ឋសរុប ត្រូវជា៣,០៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប កើនឡើង៦,៦ភាគរយ ធៀបនឹងច្បាប់ ហិរញ្ញវត្ថុឆ្នាំ២០២៣។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានប្រសិទ្ធនាមថវិកាឆ្នាំ២០២៤ ថាជាឧបករណ៍មួយអាចឆ្លើយតបនឹងបញ្ហាប្រឈម និង ហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ដែលត្រូវបានរៀបចំឡើងដោយប្រកាន់យកនូវជំហាន នៃការអនុវត្តគោលជំហរពង្រឹងប្រសិទ្ធភាពថវិកា ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមនុស្ស សមត្ថភាពស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ច ជាស្នូល ហើយអាច ប្រសិទ្ធនាមបានថា ជាថវិកាយុទ្ធសាស្ត្រនៃការរក្សាសមិទ្ធផល ដែលសម្រេចបាន ដោយលំបាក និងការបន្តបុកគ្រឹះថ្មីៗ ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕

To Top