ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ពុទ្ធសាសនា មិនត្រឹមតែធ្វើឱ្យពលរដ្ឋរស់នៅ ដោយសុខសាន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកពង្រឹងស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានលើកឡើងថា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ បានរស់នៅជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សា ការពារអត្តសញ្ញាណជាតិ ។

ការលើកឡើងរបស់សម្ដេចតេជោ ធ្វើឡើងស្របពេលដែលនៅថ្ងៃសៅរ៍ ១៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គឺជាថ្ងៃមាឃបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃនេះដែរសម្ដេចតេជោ បានឲ្យដឹងថា ពិធីបុណ្យមាឃបូជា គឺប្រារព្ធធ្វើឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើត “ព្រះពុទ្ធសាសនា” ឡើងនៅឆ្នាំ ៥៨៨ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែ មាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គដែលមានចំនួន៩ខែគត់ ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង បានរួមរស់ជាមួយគ្នា ដោយសុខសាន្តខាងផ្លូវ ស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង»។

ឆ្លៀតក្នុងថ្ងៃដ៏វិសេសវិសាលនេះ សម្ដេចតេជោ ក៏បានប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នាផងដែរ ៕

To Top