ព័ត៌មានជាតិ

អាជ្ញាធរ អំពាវនាវដល់ភ្ញៀវ ជាតិ-អន្ដរជាតិ កុំព្រួយបារម្ភអំពីបញ្ហាសន្តិសុខ នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកវិនិយោគគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅខេត្តព្រះសីហនុ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសង្គមនៅខេត្តព្រះសីហនុ គឺមានភាពល្អប្រសើរ។ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត បានដាក់កម្លាំងសមត្ថកិច្ចជំនាញ ឲ្យចុះធ្វើការអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ តាមដងផ្លូវសាធារណៈ ដោយពុំមានការចូលរួមសហការពីសមត្ថកិច្ចបរទេស ឬស្ថាប័នអន្តរជាតិណាមួយឡើយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ។

ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈនៅក្នុងខេត្តទាំងមូល ជូនប្រជាពលរដ្ឋក្នុងប្រទេស និង ក្រៅប្រទេស អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ ដែលកំពុងរស់នៅ និងមកលេងកម្សាន្ត នៅខេត្តគ្រប់កាលៈទេសៈទាំងអស់។

ប្រភពដដែលគូសបញ្ជាក់ថា «សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ សូមកុំមានការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ​​ នៅខេត្តព្រះសីហនុ។ ក្នុងករណីប្រជាពលរដ្ឋ ឬសាធារណជន សង្ស័យមានក្រុមក្លែង បន្លំជាសមត្ថកិច្ចចុះបង្ក្រាប តាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬប្រទះ ឃើញមានបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងខេត្តព្រះសីហនុ សូមរាយការណ៍មកស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ តាមរយៈលេខទូរស័ព្ទ Hotline ៖ 097 778 0008 ដើម្បីសមត្ថកិច្ចចុះអន្តរាគមន៍បានទាន់ពេល»៕

To Top