ព័ត៌មានជាតិ

អភិបាលរង ខេត្តស្វាយរៀង ៖ ការរំលឹកខួបទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៤ គឺរំលេចនៃការលើកកម្ពស់ ការចូលរួមនិងភាព ជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល

ស្វាយរៀង ៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង បានថ្លែងថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងរំលេច អំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាព និងសុវត្ថិភាព និងជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គម នៅក្នុងយុគសម័យឌីជីថល ។

លោកថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់ អាចដល់ស្ត្រីនិងក្មេងស្រីផងដែរ។

ការថ្លែងបែបនេះរបស់លោក សរ សុដានីអភិបាលរងខេត្តស្វាយរៀង បានធ្វើឡើងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថលនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀងនារសៀលថ្ងៃទី៥ខែមីនា ឆ្នាំ២០២៤។

ពិធីនេះមានការចូលរួមពីអាជ្ញាធរដែនដី និងសមាជិក សមាគមនារីសង្កាត់ស្វាយតឿ ក្រុងស្វាយរៀងជាច្រើននាក់ផងដែរ។

ជាមួយគ្នាលោកសរ សុដានី បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខនិងការ នឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ លោកស្រីភឿង សកុណា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង លោក លោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងនិងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងផងដែរ។

លោកបានបន្តថា ស្រ្តីជាឆ្អឹងខ្នង សេដ្ឋកិច្ចគ្រួសារយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ។ ការចូលរួមរបស់ស្រ្តី នាពេលបច្ចុប្បន្នទាំង វិស័យឯកជន និង វិស័យសារធារណៈ នៅក្នុងសង្គមកម្ពុជាកាន់តែបង្ហាញឲ្យឃើញ អំពីកាតព្វកិច្ច ភារកិច្ច តួនាទី និង ការអនុវត្តនូវសិទ្ធិពេញលេញព្រមទាំងការលានុវត្តភាព ក្នុងការអភិវឌ្ឍន៍នូវចំណេះដឹង ជំនាញ បច្ចេកទេស និង ធនធានរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធជាសកលភាពជាដៃគូក្នុងការរស់នៅក្នុងក្រុមគ្រួសារនិងសង្គម ប្រកបដោយសមភាព និង សមធម៌ ។

លោកបានបន្តថា រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុងខិតខំប្រឹងប្រែង ដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់ ដើម្បីបណ្តុះបណ្តាល និងកសាង មូលធនមនុស្ស លើវិស័យឌីជីថល ក្នុងនោះ មាតា បិតា អាណាព្យាបាលជាតួអង្គ ដ៍សំខាន់ដើម្បីចូលរួមចំណែក ក្នុងការតម្រង់ទិសកូនចៅ ជាពិសេសស្រ្តី និងក្មេងស្រីឱ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងសង្គមជាតិ៕

To Top