ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា៖ សមាគមសារព័ត៌មាន នៅតែដើរតួសំខាន់​ ក្នុងការសហការជាមួយក្រសួង តម្រង់ទិសអ្នកសារព័ត៌មាន អនុវត្តន៍ការងារ ប្រកបដោយវិជ្ជាជីវៈ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សមាគមសារព័ត៌មាន នៅតែដើរតួនាទីសំខាន់ ក្នុងការសហការជាមួយក្រសួងព័ត៌មាន ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន ឱ្យអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ ហើយសមាគម ក៏បានចូលរួម អភិវឌ្ឍន៍វិស័យសារព័ត៌មាន នៅកម្ពុជា ឱ្យមានការរីកចម្រើនទៅមុខទៀត។

ការគូសបញ្ជាក់របស់លោករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (CCJA) ដឹកនាំ ដោយលោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។

លោក នេត្រ ភក្រ្ដា បានលើកឡើងថា ក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មាន គឺជាតួអង្គរួមគ្នា ទោះបីនៅផ្សេងគ្នាក៏ដោយ ក៏ប៉ុន្តែក្នុងក្របខណ្ឌទិសដៅរួមតែមួយ ធ្វើយ៉ាងណា ផ្តល់ព័ត៌មាន ជូនដល់សាធារណជន ប្រកបដោយខ្លឹមសារ គុណភាព និងការទទួលខុសត្រូវ។

នាឱកាសនោះលោក សយ សុភាព បានបញ្ជាក់ជូនថា ការចូលជួបសម្ដែងការគួរសម ជាមួយលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន នាឱកាសនេះ គឺដើម្បីគោរពស្នើសុំ អនុសាសន៍បន្ថែមពី លោករដ្ឋមន្រ្ដី ដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ ដល់កិត្យានុភាព និងឱកាសវិនិយោគចិន នៅកម្ពុជា ។

លោក សយ សុភាព បានជម្រាបជូនថា កន្លងមកនេះ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ក៏បានអញ្ជើញលោក ផុស សុវណ្ណ អគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និង លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើវេទិកាពិភាក្សាម្ដង រួចមកហើយ លើប្រធានបទ “រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា”។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា នៅដើមអាណត្តិទី៧ រយៈពេល ៦ខែកន្លងមកនេះ ក្រសួងព័ត៌មាន បានដាក់ចេញនូវការងារជាច្រើន ជាការដ្ឋានកំណែទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ ដោយផ្ដោតជាសំខាន់ គឺការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័ន ទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណា គឺផ្សព្វផ្សាយពី ការពិតរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។ 

លោករដ្ឋមន្រ្ដី បានបន្ដថា ជាចក្ខុវិស័យ គឺធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល មួយដែលប្រកបដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព។

ទាក់ទងនឹងកិច្ចការងារ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ លោក នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន ។ ដូច្នេះ ស្ថាប័នសារព័ត៌មានទាំងអស់ សូមបន្តរួមគ្នាការពារសណ្តាប់ធ្នាប់ ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពកម្ពុជា ដោយត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ។

លោករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ក្រសួងព័ត៌មានបានធ្វើកិច្ចការងារជាច្រើន ជាផលប្រយោជន៍ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍រួម ទាំងកិច្ចការងារ ការពារសិទ្ធិរបស់អ្នកសារព័ត៌មាន ដើម្បីប្រកបវិជ្ជាជីវៈបានត្រឹមត្រូវ មានក្រមសីលធម៌ វិជ្ជាជីវៈល្អ ដោយក្នុងនោះដែរ ក្រសួងព័ត៌មាន បានបើកដំណើរការឡើងវិញ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ របស់ក្រសួងព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

លោកបានបន្ថែមថា ក្រៅពីការគិតគូរនិងផ្តល់កិច្ចគាំពារ ដល់មន្ត្រីក្រសួងព័ត៌មាន ក៏បានគិតគូរដល់បងប្អូនអ្នកសារព័ត៌មាន និងក្រុមគ្រួសារ តាមរយៈកិច្ចគាំពារសុខុមាលភាព និងកាត់បន្ថយការចំណាយ ដោយក្រសួង បានចុះអនុស្សរណៈ នៃការយោគយល់ ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក យល់ព្រមធ្វើការផ្តល់ នូវការបញ្ចុះតម្លៃពិសេស ទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព៣០ % ។

លោករដ្ឋមន្រ្ដីបានបន្ថែមទៀតថា ជាជំហ៊ានបន្តទៅមុខទៀត បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ របស់អ្នកសារព័ត៌មាន ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្រ្ដា បានជំរុញដល់ប្រធានសមាគមសារព័ត៌មានទាំងអស់ ត្រូវគិតគូរដល់សមាជិក សមាជិការបស់ខ្លួន ដើម្បីចុះបញ្ជីធ្វើបណ្ណ ប.ស.ស បេឡាជាតិសន្តិសុខសង្គម ដែលទទួលបានអត្ថប្រយោជន៍ច្រើន ផ្នែកសុខភាព ៕

To Top