ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ បង្កើតដោយក្រុមប្រឆាំង គឺអស់រឿងសម្តែង ហើយក៏ជាដង្ហើមចុងក្រោយ ដែលនឹងស្លាប់ទៅវិញឆាប់រហ័ស

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា លោកស្រី មូរ សុខហួរ ដែលបានបង្កើតចលនាមួយដែលមានឈ្មោះថា “ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ” ដោយកើតចេញពីក្រុមមន្រ្តីអតីតគណបក្សប្រឆាំង នៅក្រៅប្រទេសដែលមាន លោកស្រីផ្ទាល់ជាប្រធាននោះថា ការបង្កើតចលនានេះឡើង ដោយសារពួកគេគ្មានរឿងសម្តែងថ្មី ហើយក៏គ្មានដង្ហើមដកបានយូរនោះទេ នឹងមានវាសនាដូចចលនា ផ្សេងដែលពួកគេបង្កើតឡើង ពោលនឹងស្លាប់ទៅវិញក្នុងពេលឆាប់ៗខាងមុខ ។

បើតាមលោកស្រី មូរ សុខហួរ ក្នុងពិធីសម្ពោធចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅសកលវិទ្យាល័យ(California) នៅទីក្រុង long beach សហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃមុននោះ គឺមានដៃគូសហការជាមួយអង្គការ មកពីក្រៅប្រទេសជាច្រើនផងដែរ ។ ពួកគេសង្ឃឹមថា ចលនាថ្មីនេះ នឹងប្រមូលកម្លាំងខ្មែរ ដើម្បីជួយជម្រុញឲ្យមាន លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ក្នុងនោះក៏ឃើញមានវត្តមាន លោក សម រង្ស៊ី និងលោក សេង សារីជាវិភាគនយោបាយចូលរួមចលនានេះផងដែរ ។

ចំពោះចលនានេះ ត្រូវបានលោកប៉ែន បូណាអះអាងថា គ្មានឥទ្ធិពលលើកម្ពុជាទេ ទោះមានដៃគូបរទេសជួយជ្រោមជ្រែងក៏ដោយ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៥ មីនាថា “ចលនាដែលបង្កើតឡើងដោយលោកស្រីមួរ សុខហួរ បង្ហាញឲ្យឃើញថា មេដឹកនាំបក្សប្រឆាំងជ្រុលនិយមប៉ុន្មាននាក់នេះ អស់ក្បាច់សម្តែងបានជាធ្វើតែរឿងដដែលៗ”។

លោកថា ការបង្កើតចលនានេះ ចលនានោះបានធ្វើជាច្រើនលើកហើយ តែគ្មានទទួលបានលទ្ធផលអ្វីទេ ទីបំផុតក៏ស្ងាត់ឈឹងទៅវិញ ព្រោះគ្មានការគាំទ្រពី ប្រជាពលរដ្ឋទាំងក្នុង-ក្រៅប្រទេស និងពីសហគមន៍អន្តរជាតិ។

លោកបន្តថា បក្សប្រឆាំងនៅកម្ពុជាប្រកាន់នយោបាយជ្រុលនិយម គ្មានគោលការណ៍ គ្មានគោលនយោបាយដើម្បីប្រកួតប្រជែង ក្នុងការអភិវឌ្ឍប្រទេសទេ គឺមានតែនយោបាយលាបពណ៌ ញុះញង់ ដើម្បីធ្វើឲ្យបរិយាកាសសង្គម អាប់អួរដោយពួកគេយល់ថា នោះជាផលចំណេញរបស់ខ្លួន។ នេះគេហៅថា នយោបាយខាត នយោបាយបំផ្លាញជាតិ។ ទីបំផុតអស់ការគាំទ្រ។

ម្យ៉ាងទៀតលោកថា ដោយសារក្រោយការបោះឆ្នោតព្រឹទ្ធសភា បក្សប្រឆាំងបែកបាក់ខ្ទេចខ្ទីដោយសារ មេដឹកនាំខ្លួនឯងជាអ្នកបំបែក ទើបបានជាពួកគេចង់ស្តារមុខមាត់បានជា នាំគ្នាមួយក្តាប់តូចខិតខំបង្កើតចលនានេះឡើង ប៉ុន្តែចលនានេះមានវាសនា មិនខុសពីចលនាមុនៗឡើយ គឺបរាជ័យ។

ក្នុងចលនានេះដែរ ក៏បានលេចវត្តមានលោក សេង សារីជាអ្នកវិភាគនយោបាយផងដែរ ប៉ុន្តែត្រូវលោក ប៉ែន បូណាបញ្ជាក់ថា អ្នកវិភាគរូបនេះបានទទួលស្គាល់ ដោយខ្លួនឯងហើយថា ចលនានេះជាចលនានយោបាយតែ ជ្រកក្រោមស្លាកសង្គមស៊ីវិលដើម្បីបន្លំភ្នែកគេ។ ការធ្វើនយោបាយជ្រកក្រោមស្លាកសង្គមស៊ីវិល ត្រូវបានក្រុមប្រឆាំងជ្រុលនិយមប្រើប្រាស់យូរហើយ តែមិនបានជោគជ័យទេ។ ឥឡូវមកលេងក្បាច់ដដែលទៀត ដោយសារខ្លួនគ្មានគំនិតអ្វីថ្មី។

លោកគូសបញ្ជាក់ថា “សរុបទៅ នេះជាកិច្ចខិតខំស្វែងរកខ្យល់ ដកដង្ហើមចុងក្រោយរបស់មេដឹកនាំ ក្រុមប្រឆាំងជ្រុលនិយម តែមធ្យោបាយដែលពួកគេប្រើគឺចាស់គំរិលពេក។ ដូច្នេះ ពួកគេនឹងមិនអាចទទួលបានខ្យល់អុកស៊ីសែនថ្មីឡើយ ពោលគឺចលនានេះមានវាសនា មិនខុសពីចលនាសង្គ្រោះជាតិ ឬចលនាផ្សេងៗទៀតដែលពួកគេបានបង្កើតហើយ ស្លាប់ទៅវិញយ៉ាងឆាប់រហ័សនោះឡើយ” ៕

To Top