ព័ត៌មានជាតិ

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នា​ ជំរុញការដោះស្រាយ បញ្ចប់បញ្ហាព្រំដែន ​នៅសេសសល់ ប្រមាណ១៤%

ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសឡាវ នៅក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រី​ទាំងពីរ កម្ពុជា-ឡាវ បានប្តេជ្ញារួមគ្នា ជំរុញការដោះស្រាយបញ្ចប់ បញ្ហាព្រំដែនដែលនៅសេសសល់ ប្រមាណ១៤% ខណៈនៅក្នុងដំណោះស្រាយបញ្ហាព្រំដែននេះ ត្រូវការអ្នកជំនាញ មិនត្រូវការអ្នកជាតិនិយម និងអ្នកនយោបាយនោះទេ ។

ការលើកឡើងខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៦ ខែមីនា ស្តីពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅកាន់ប្រទេសឡាវ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦មីនា ឆ្នាំ២០២៤ ។

ក្នុងបទសម្ភាសន៍នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឲ្យដឹងថា​ ចំពោះលទ្ធផលជំនួបទ្វេភាគី រវាងនាយករដ្ឋមន្ត្រីទាំងពីរ កម្ពុជា-ឡាវ ពិតជាបានលើកយកបញ្ហាព្រំដែនមកជជែកគ្នា ដោយនាយករដ្ឋមន្ត្រីទាំងពីរ ប្តេជ្ញាបន្តជំរុញការដោះស្រាយ បញ្ហាព្រំដែន ដែលនៅសេសសល់ គឺនៅសល់ប្រមាណ១៤ភាគរយ ។

ក្នុងនោះដែរ លោក រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឆ្លេីយបន្ថែម នូវសំនួររបស់អ្នកសារព័ត៌មានថា “នៅក្នុងដំណោះស្រាយព្រំដែន ជាមួយឡាវ ឬជាមួយបណ្តាប្រទេសផ្សេង ជាសញ្ញាល្អ សម្រាប់កម្ពុជា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ជាសញ្ញាល្អ ពីព្រោះការរក្សាការពារទឹកដីកម្ពុជា ឲ្យនៅគង់វង្ស សម្រាប់ក្មេងជំនាន់ក្រោយ មិនមែនជារឿងលេងសើច ហើយមិនអាចក្លាយជារឿងលេងសើច ផ្ទុយទៅវិញ វាជាទម្ងន់ ក្នុងការទទួលខុសត្រូវ នៅចំពោះមុខប្រវត្តិសាស្ត្រ ការនេះតម្រូវឲ្យភាគីកម្ពុជា ​ត្រូវតែតស៊ូស្វិតស្វាញ ពេលអង្គុយ​ចរចារ នៅពេលសម្រេចចិត្តម្តងៗ​ ហើយនេះ ជាមូលហេតុទី១ នៃការតម្រូវឲ្យយើងប្រើពេលយូរ ស៊ីពេលយូរ ដើម្បីដោះស្រាយបញ្ហាព្រំដែន” ។

ក្នុងនោះដែរ លោកក៏បានបន្ថែមឲ្យដឹង ពីមូលហេតុមួយចំនួន ជុំវិញបញ្ហាព្រំដែនទៀតថា “ទី២ នៅទីណា ក៏ដូចទីណា នៅប្រទេសណា ក៏ដូចប្រទេស ណាដែរ ព្រំដែន បង្កប់ទៅដោយកត្តាច្រើន មានជាតិនិយម មាននយោបាយ មានសេដ្ឋកិច្ច មានវប្បធម៌ ជួនកាលមានលក្ខណៈភូមិ សាស្ត្រនយោបាយទៀត បានន័យថា នៅក្នុងទំនាក់ទំនងអន្តររដ្ឋ ក៏ដូចនៅលើឆាក នយោបាយផ្ទៃក្នុង នៃប្រទេសណាមួយក៏ដោយ បញ្ហាព្រំដែន នៅក្នុងដំណោះស្រាយ បញ្ហាជាក់ស្តែង ព្រំដែនត្រូវការតែអ្នកជំនាញនោះទេ គេអត់ត្រូវការអ្នកជាតិនិយមទេ គេអត់ត្រូវការ អ្នកនយោបាយទៅទៀត គេត្រូវការអ្នកជំ​នាញមុតស្រួច អ្នកជំនាញខាងផែនទី អ្នកជំនាញខាងភូមិសាស្ត្រ ។ ជារួមការវាស់វែង ការកត់ត្រា ​ការកំណត់ទីតាំង នៃបង្គោព្រំដែន កន្លែងដែលត្រូវដាំបង្គោល និងការកំណត់ចំនួនបង្គោល ដែលត្រូវដាំស៊ីពេលច្រើន ស៊ីពេលយូរ ពីព្រោះត្រូវការអ្នកជំនាញ មិនដូចអ្នកនយោបាយខ្លះ ដែលតាំងខ្លួនជាអ្នកជាតិ និយមផ្តាច់មុខ និងត្រូវការតែប៉ុន្មាននាទី ដើម្បីកេងចំណេញនយោបាយ បាននិយាយបាតណាបាតណី”៕

To Top