ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ក្រសួងនគរបាលវៀតណាម បានលើកកម្ពស់ កិច្ចសហការប្រតិបត្តិការ ប្រយុទ្ធប្រឆាំង បទល្មើសគ្រប់ប្រភេទ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ចំពោះក្រសួង នគរបាលវៀតណាម តែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញលើកកម្ពស់ កិច្ចសហការប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើស គ្រប់ប្រភេទជាមួយកម្ពុជា។

នាឱកាសអនុញ្ញាត ឲ្យឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាម ចូលជួបសម្តែងការគួរសម នាថ្ងៃ២ មេសា លោកឧបនាយករដ្ឋមន្ត្រី ស សុខា គូសបញ្ជាក់ថា “សូមថ្លែងអំណរគុណចំពោះ អនុរដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញលើកកម្ពស់ កិច្ចសហការប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន អំពើរត់ពន្ធ-ជួញដូរមនុស្ស និងល្បែងស៊ីសងឆ្លងដែន ខុសច្បាប់ជាដើម” ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ចរបស់ លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃកកម្ពុជា នៅទីក្រុងដាណាំង ប្រទេសវៀតណាម កាលពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៤។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង បានថ្លែងអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអនុញ្ញាតឲ្យលោក ចូលជួបសម្តែងការគួរសម និងបាននាំយកនូវការផ្តាំផ្ញើ នូវពាក្យពេចន៍ជូនពរ ប្រកបដោយអត្ថន័យពី លោក ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាម ជូន លោកឧបនាយករដ្ឋមន្ត្រី ស សុខា ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងមន្ត្រីរាជការ មន្ត្រីនគរបាលជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមក ដល់នៅពេលខាងមុខនេះ។

ទន្ទឹមនេះ លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហការដ៏ល្អ រវាងប្រទេសទាំងពីរ និយាយជារួម និងរវាងក្រសួងទាំងពីរ និយាយដោយឡែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នាពេលកន្លងមក៕

To Top