ព័ត៌មានជាតិ

បុណ្យឆេងម៉េង ជាការឆ្លុះបញ្ចាំង ពីកតញ្ញុតាធម៌ របស់កុលបុត្រ កុលធីតាចិន

នៅដើមខែមេសា ជារៀងរាល់ឆ្នាំ ប្រទេសចិននឹងទទួលថ្ងៃបុណ្យដ៏សំខាន់មួយគឺបុណ្យ ឆេងម៉េង ។ ជាធម្មតា ថ្ងៃចំនៃបុណ្យ ឆេងម៉េង គឺនៅស្ថិតចន្លោះពីថ្ងៃទី ៤-៦ ខែមេសា ប៉ុន្តែភាគច្រើន គឺថ្ងៃទី ៥ ខែមេសា ។ បច្ចុប្បន្ន បុណ្យ ឆេងម៉េង ត្រូវបានជនជាតិចិន ចាត់ទុកជាថ្ងៃបុណ្យប្រពៃណី ដ៏ធំបំផុតមួយក្នុងចំណោមថ្ងៃបុណ្យប្រពៃណីធំទាំង ៤ ដែលថ្ងៃបុណ្យ ៣ ផ្សេងទៀតរួមមាន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន , បុណ្យសែននំចាំង និងបុណ្យសែនព្រះខែ ។

និយាយពីថ្ងៃបុណ្យ ឆេងម៉េង ប្រជាពលរដ្ឋកម្ពុជា មួយចំនួនបានស្គាល់ច្បាស់ តាមរយៈការរៀបចំសកម្មភាព ក្នុងថ្ងៃបុណ្យ របស់ជនជាតិចិន និងជនជាតិខ្មែរជាប់សែស្រឡាយចិន ពោល គឺនៅក្នុងថ្ងៃបុណ្យ ឆេងម៉េង ជនជាតិចិននិងជនជាតិខ្មែរ ជាប់សែស្រឡាយចិន តែងមានរៀបចំពិធីសែនកុងម៉ា នៅផ្ទះ និងធ្វើដំណើរទៅសែនផ្នូរ របស់សាច់ញាតិដែលបានចែកឋានទៅ ដែលបង្ហាញពីការនឹករឭក និងការបួងសួងសូមឱ្យវិញ្ញាណក្ខន្ធអ្នកចែកឋានបាន ទៅកាន់ឋានបរមសុខ និងជួយថែរក្សាសាច់ញាតិ ដែលនៅរស់រានមានជីវិត ឱ្យមានសេចក្តីសុខសេចក្តីចម្រើន ។

ដើមឡើយ បុណ្យ ឆេងម៉េង គ្រាន់តែជាឈ្មោះនៃរដូវកាលមួយក្នុងចំណោមរដូវកាលទាំង ២៤ តាមចន្ទគតិចិនប៉ុណ្ណោះ ។ ក្នុងរដូវកាលនេះ នៅភាគខាងត្បូងប្រទេសចិនមានមេឃស្រឡះល្អ ធាតុអាកាសត្រជាក់ស្រួល បុប្ផាគ្រប់ប្រភេទចាប់ផ្តើមរីកស្គុសស្គាយជាបន្តបន្ទាប់ ឯភាគខាងជើងដែលគ្របដណ្តប់ដោយព្រិលទឹកកកក្នុងរដូវរងាក៏មានសីតុណ្ហភាពក្តៅឡើងជាបណ្តើរៗ ហើយរុក្ខជាតិនានាក៏ចាប់ផ្តើមលូតលាស់ផងដែរ ទិដ្ឋភាពទាំងនេះហើយដែលជនជាតិចិនហៅថា 清明(Qingming)ដែលអានតាមសូរជាភាសាខ្មែរថា ឈីងមីងឬឆេងម៉េង ដែលមានន័យថាភាពស្រឡះល្អ ភាពភ្លឺច្បាស់ ។

ក្នុងសម័យបុរាណចិន ស្តេចផែនដីតែងដឹកនាំសព្វមុខមន្ត្រីធ្វើព្រះរាជពិធីបួងសួងក្នុងរដូវផ្ការីក និងមានរៀបចំសកម្មភាពសែនផ្នូររបស់បុព្វការី ដែលបង្ហាញពីបុគ្គលិកលក្ខណៈរបស់ប្រជាជាតិចិនគឺគោរពដឹងគុណចំពោះអ្នកមានគុណ បុព្វការី និងវីរជនដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ។ ក្រោយមកពិធីបួងសួងនិងសែនផ្នូរ ក្នុងរដូវផ្ការីក៏បានរួមបញ្ចូល ជាមួយរដូវកាល ឆេងម៉េង បង្កើតបានជាថ្ងៃបុណ្យប្រពៃណី ដែលប្រកបដោយអត្ថន័យខាងអរិយធម៌ និងវប្បធម៌ផងនិងគួបផ្សំ ជាមួយរដូវកាលនៃធម្មជាតិផង ។

ប្រពៃណីដែលអប់រំកូនចៅឱ្យចេះដឹងគុណនិងមានកតញ្ញុតាធម៌ បានដក់ជាប់នៅក្នុងក្រអៅដួងចិត្តរបស់កុលបុត្រកុលធីតាចិនគ្រប់រូប ដែលធ្វើឱ្យ«ហ្សែន»មួយនេះ បានបន្តពីមួយជំនាន់ទៅមួយជំនាន់ ។ តួយ៉ាងដូចជាបុណ្យ ឆេងម៉េង ដែលជនជាតិចិន អាណិកជនចិននិងជន បរទេសដែលជាប់សែស្រឡាយចិនបានគោរព បដិបត្តិតាមទំនៀមទម្លាប់ថ្ងៃបុណ្យយ៉ាងខ្ជាប់ខ្ជួនរហូតដល់សព្វថ្ងៃ ជាការឆ្លុះបញ្ចាំងពីការ ប្រមូលផ្តុំនៃស្មារតីជនជាតិ ការបន្តវេន វប្បធម៌សែន ព្រេនដែលជាអរិយធម៌ជាតិ និងជាការបង្ហាញពីមនោសញ្ចេតនា ខាងគុណធម៌និងកតញ្ញុតាធម៌នៃប្រជាជាតិចិន ។

តាមពិតទៅ សកម្មភាពនិងទំនៀម ទម្លាប់ក្នុងថ្ងៃបុណ្យ ឆេងម៉េង នៅប្រទេសចិនមិនត្រឹមតែសែនផ្នូរនោះទេ ពោលគឺនៅមានសកម្មភាព ជាទំនៀមទម្លាប់ប្រពៃណីនិងសកម្មភាពក្នុងយុគសម័យថ្មីជាច្រើនទៀត ដូចជាការដាំកូនឈើ បង្ហោះខ្លែង ទាញព្រ័ត្រ ផាត់ពណ៌លើស៊ុតមាន់ និងលេងសីដក់ជាដើម ពិសេស បន្ទាប់ពីថ្ងៃបុណ្យ ឆេងម៉េង ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកមក ប្រជាជនចិននិយមធ្វើដំណើរ កម្សាន្តឬមានសកម្មភាពកម្សាន្តផ្សេងៗ ឯអ្នកចំណាកស្រុកតែងវិល ត្រឡប់ទៅផ្ទះវិញដើម្បីជួបជុំគ្រួសារ ។

និយាយពីថ្ងៃបុណ្យប្រពៃណីដែលប្រារព្ធឡើង ដើម្បីរំឭកដល់សាច់ញាតិបងប្អូនដែលបានចែកឋានទៅ និងរំឭកដឹងគុណបុព្វការី ក្រៅពីបុណ្យ ឆេងម៉េង របស់ចិន ប្រទេសកម្ពុជាក៏មាន បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់ផងដែរ ។ ចំណែកនៅក្នុងប្រទេសម៉ិកស៊ិក ក៏មានថ្ងៃបុណ្យមួយ ដែលសម្តែងការនឹករឭកចំពោះសាច់ញាតិដែលបានចែក ឋានទៅផងដែរ ដែលហៅថា«ទិវាគោរពវិញ្ញាណក្ខន្ធ» ។ នៅក្នុងភាពយន្តគំនូរជីវចលរឿង«Coco» ដែលចាក់បញ្ចាំងក្នុងឆ្នាំ ២០១៧ បានបង្ហាញពីទិដ្ឋភាពនៃ «ទិវាគោរពវិញ្ញាណក្ខន្ធ» និងសារៈសំខាន់នៃការចងចាំចំពោះសាច់ញាតិដែលបានចែកឋានទៅ ហើយការចងចាំនេះ ឯងជាការសម្តែងនូវក្តីគោរព និងការនឹករឭកដ៏ល្អបំផុតចំពោះអ្នកដែលបានចែកឋានទៅ ។

ការបំពេញកតញ្ញុតាធម៌ជាប្រពៃណីនិងជាគុណធម៌ ដែលមនុស្សយើងគ្រប់រូបគួរប្រកាន់ខ្ជាប់ មិនថាជាជាតិសាសន៍ ពណ៌សម្បុរឬវណ្ណៈណាទេ ពិសេសពេលដែល«ព្រះរស់»នៅមានជីវិត គួរគោរពប្រតិបត្តិ និងតបស្នងសងគុណលោកទាំងពីរដោយទឹកចិត្តជ្រះថ្លា ។ អ្នកជំនាន់មុនគួរធ្វើជា គំរូភាពសម្រាប់អ្នកជំនាន់ក្រោយ ដើម្បីឱ្យឈាមជ័រ ដែលប្រកាន់ខ្ជាប់កតញ្ញុតាធម៌ ដែលជាគុណធម៌និងប្រពៃណីដ៏ល្អ ផូរផង់របស់មនុស្សជាតិអាច បន្តវេនទៅគ្រប់ជំនាន់ ៕ អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top