ព័ត៌មានអន្តរជាតិ

តម្លៃហាងឆេងមាស ធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ

អន្តរជាតិ: តម្លៃហាងឆេងមាស បានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃពុធនេះ ខណៈអ្នកវិនិយោគ ងាកទៅផ្តោតលើកិច្ចប្រជុំ គោលនយោបាយ និងទិន្នន័យអត្រាអ្នកមានការងារ ធ្វើនៅសហរដ្ឋអាមេរិក ដែលនឹងត្រូវចេញផ្សាយក្នុងសប្តាហ៍នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះមក នៅត្រឹម២២៨៦,៨៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាស របស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១២ភាគរយដល់២២៨៨,៦ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥២នាទីព្រឹក ។

លោក Ricardo Evangelista អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន ActivTrades បានលើកឡើងថា “គោលជំហររបស់លោក Jerome Powell ប្រធានធនាគារកណ្តាល អាមេរិក អាចនឹងមានភាពមិនច្បាស់លាស់យ៉ាងខ្លាំង ដោយជំរុញឱ្យមានការ រំពឹងទុកនៃការកាត់បន្ថយអត្រា ការប្រាក់ជាលើកដំបូង ដល់ត្រីមាសទី៤ ឬអាចពន្យារពេលរហូតដល់ឆ្នាំក្រោយ”។

ស្របពេលជាមួយគ្នានេះ វិនិយោគិនមើលឃើញ ឱកាសចំនួន ៥៧ភាគរយ ប៉ុណ្ណោះ នៃការបញ្ចុះអត្រាការប្រាក់ ដោយធនាគារកណ្តាល អាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើង ថ្លៃ០,៦២ភាគរយកាលពីថ្ងៃអង្គារ ខណៈទិន្នន័យសម្រាប់ថ្ងៃពុធមិន ទាន់ចេញផ្សាយនៅឡើយ គិតមកទល់ម៉ោង ៩:៥៥នាទីព្រឹក។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣៩%ដល់២៦,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,១១ភាគរយដល់ ៩៣៤,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤៦ភាគរយ ដល់៩៤៣ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៤នាទីព្រឹកថ្ងៃពុធនេះ ៕
ដោយ: គង់ លាងហួរ (CEMEA)

To Top