ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ យុវជនកម្ពុជា-វៀតណាម បានធ្វើទំនាក់ទំនងគ្នាល្អ និងមានភាពរឹងមាំ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា យុវជនកម្ពុជា និងយុវជនវៀតណាម បានធ្វើទំនាក់ទំនងគ្នាល្អ និងមានភាពរឹងមាំ ។

ការគូសបញ្ជាក់របស់លោក ឃួង ស្រេង ខាងលើនេះ ក្នុងឱកាសលោក ង្វៀម វ៉ានណាម ឧត្ដមសេនីយ៍ទោ មេបញ្ជាការស្នាក់ការកណ្តាល យោធាទីក្រុងហូជីមិញ និងជាប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម ប្រចាំទីក្រុងហូជីមិញ ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះ ។

ក្នុងជំនួបនេះ លោក ង្វៀម វ៉ានណាម បានគូសរំលេចថារាជធានីភ្នំពេញ និងទីក្រុងហូជីមិញ មានកិច្ចសហប្រតិបត្តិការល្អ ទាំងវីស័យ វប្បធម៌ សេដ្ឋកិច្ចការអប់រំ និងទេសចរណ៍ជាដើម ហើយរាជធានីភ្នំពេញ ក៏ជាទីក្រុងមួយ ដែលបានពង្រីកខ្លួនកាន់តែខ្លាំងក្លា ជាមួយនិងការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗជាច្រើន ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ច មានការកើនឡើង ជាលំដាប់ ។

លោក ង្វៀម វ៉ានណាម បានលើកឡើងទៀតថា កម្ពុជានិងវៀតណាម ឱ្យតែមានពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៃប្រទេសទាំងពីរ តែងបានជួបសំណេះសំណាល និងជូនពរគ្នាទៅវិញទៅមក ដែលនេះជាប្រពៃណីដ៏ល្អ រវាងប្រទេសយើងទាំងពីរ ក្នុងនាមជាអ្នកជិតខាងគ្នា ហើយការជួបគ្នានេះក៏ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុង ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ។

លោកបានបន្តថា ទំនាក់ទំនង នៃប្រទេសទាំងពីរ បានជំរុញឲ្យទីក្រុងមួយចំនួន របស់រៀតណាម បានចងសម្ព័ន្ធមេត្រីភាព ជាមួយនឹង រាជធានីភ្នំពេញផងដែរ ។ ក្នុងនោះទីក្រុងហូជីមិញ ក៏បានចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ។ កងពលមួយចំនួនរបស់កម្ពុជា រួមជាមួយនិងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក៏បានចងសម្ព័ន្ធមេត្រីភាព ជាមួយទីក្រុងហូជីមិញផងដែរ ដែលធ្វើឱ្យទំនាក់ទំនងកាទូត នៃប្រទេសទាំង២កាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានលើកឡើងថា វៀតណាម និងកម្ពុជា គឺមានទំនាក់ទំនង ការទូតជាមួយ
គ្នា តាំងពីថ្ងៃទី២៥ មិថុនាឆ្នាំ១៩៦៧ ដែលគិតមកដល់ពេលនេះ មានរយៈពេល៥៧ឆ្នាំហើយ ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ជាមួយនឹងទំនាក់ទំនង សហប្រតិបត្តិការដ៏ល្អ ខាងលើនេះ នាំឲ្យមានអ្នកវិនិយោគទុនវៀតណាម បានមកវិនិយោគទុន នៅកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានធ្វើឲ្យទំហំពាណិជ្ជកម្មរបស់វៀតណាម នៅកម្ពុជា បានការឡើង ជាលំដាប់ផងដែរ។

លោកបាន គូសបញ្ជាក់ថា “សម្រាប់យុវជនកម្ពុជា និងយុវជនវៀតណាម ក៏បានធ្វើទំនាក់ទំនងគ្នាល្អ និងមានភាពរឹងមាំផងដែរ សម្រាប់បន្តទំនាក់ទំនងនេះ កាន់តែល្អទៅថ្ងៃអនាគត ។ ផ្ដើមចេញពីទំនាក់ទំនងការទូត រវាងវៀតណាម និងកម្ពុជា នាពេលនេះ នឹងបន្តពូនជ្រុំ ទៅដល់យុវជនជំនន់ក្រោយ បន្តទំនាក់ទំនងនេះ កាន់តែល្អបន្ថែមទៀត ទៅថ្ងៃអនាគត់”

លោក ឃួង ស្រេង បានបន្តទៀតថា តាមគោលនយោបាយរាជរដ្ឋាភិបាលដឹកនាំ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺការរឹតចំណងសាមគ្គីភាព ជាមួយវៀតណាម ឱ្យកាន់តែរឹងមាំនិងយូរអង្វែង ដើម្បីប្រយោជន៍ នៃប្រជាជនទាំង២ កម្ពុជា-វៀតណាម៕

To Top