ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ចូលរួមអបអរសាទរ ទេវត្តាឆ្នាំថ្មី ព្រះនាម មហោធរទេវីជាបុត្រីទី៧របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង២២និង២៤នាទី ថ្ងៃទី១៣មេសា ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែម្តង ។
ពិធីនេះក៏បានបង្ហាញឲ្យឃើញពីការគោរព ប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួង ដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់។
នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្រ របស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានា និងប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឆ្នាំទី១ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍនៅរាជធានីភ្នំពេញ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។
ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវបានរៀបចំឲ្យមានភាពអធិកអធម កាន់តែផុលផុសនិងបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋតាមរយៈការរៀបចំ សង្ក្រាន្តនៅគ្រប់ទីកន្លែង ទាំងសង្ក្រាន្តវត្តភ្នំ ក៏ដូចសង្ក្រាន្តតាមខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ព្រមទាំងតាមវត្តអារាម សាលារៀន ក្រុមហ៊ុនឯកជន និងមានការជួបជុំកំសាន្តសប្បាយយ៉ាងរីករាយ។
បច្ចុប្បន្ននេះ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឲ្យការអភិវឌ្ឍទីក្រុង បោះជំហានទៅមុខ ហួសពីការស្មាន៕









