ព័ត៌មានជាតិ

កម្មករ និងនិយោជក អះអាងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ គិតគូរយ៉ាងដិតដល់ និងធ្វើកំណែទម្រង់ យ៉ាងមានប្រសិទ្ធភាព លើវិស័យការងារ

ភ្នំពេញ ៖ កម្មករនិយោជិតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ បានបន្តផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កម្មករនិយោជិត ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាព របស់ពួកគេ ខណៈលក្ខខណ្ឌការងារ នៅក្នុងរោងចក្រសហគ្រាស មានភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខកម្មករ។

លោកស្រី នុត ស្រីមុំ ដែលជាកម្មការិនីបម្រើការងារ នៅរោងចក្រ Sabrina បានលើកឡើងថា ក្រោយពីមានយន្តការគាំពារ ដល់កម្មករិនី រោងចក្រ ដែលមានផ្ទៃពោះមក កម្មការិនីរូបនេះ អាចចេញមុនម៉ោងចំនួន២៥នាទី និងទទួលបានប្រាក់ឧបត្ថម្ភ ទៅពិនិត្យសុខភាពម្តងចំនួន៨ម៉ឺនរៀល, ប្រាក់ឧបត្ថម្ភក្រោយពេលសម្រាល ចំនួន៥០% ពីរោងចក្រ និង៧០ភាគរយពីរាជរដ្ឋាភិបាល ក្នុងនោះក៏មានប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀល ពីសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តីផងដែរ។

លោកស្រីបន្ថែមថា ខ្លួនក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ពីរោងចក្រផងដែរ ក្នុងនោះមានការផ្តល់អាហារថ្ងៃត្រង់ ដោយឥតគិតថ្លៃចំនួនមួយពេល និងមានកន្លែងអាហារដ្ឋានសមរម្យទៀតផង ។ ទាំងអស់នេះបង្ហាញយ៉ាងច្បាស់ពីការគិតគូរ របស់រាជរដ្ឋាភិបាលមកលើកម្មករនិយោជិត ជាពិសេសកម្មការិនី ដែលមានផ្ទៃពោះ។

ចំណែកលោកស្រី ឃុន ដាវី ដែលជាកម្មការិនីនៅរោងចក្រ WANLIN-ZONGHENG (CAMBODIA) បានលើកឡើងថា នៅក្នុងរោងចក្របច្ចុប្បន្ននេះ មានលក្ខខណ្ឌការងារល្អ កន្លែងការងារមានសុវត្តិភាព មានបរិយាកាសការងារល្អ ស្រួលធ្វើការ ដែលអាចធ្វើឱ្យខ្លួនមានផលិតភាពការងារ ទទួលបានប្រាក់ចំណូលសមរម្យ ។

លោកស្រីបន្ថែមថា កម្មករនិយោជិតទាំងអស់ មានប័ណ្ណ ប.ស.ស. ប្រើប្រាស់គ្រប់គ្នា ដែលកម្មករអាចទៅប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺបាន ដោយឥតគិតថ្លៃ ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់លើជីវភាពរបស់កម្មករ កាត់បន្ថយចំណាយផងលើថ្លៃថែទាំសុខភាពផងដែរ។

លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និង សមាគមពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ក្នុងចំណោមអ្វីដែលរដ្ឋាភិបាល បានធ្វើដើម្បីបម្រើផលប្រយោជន៍កម្មករនិយោជិត​ ។ លោកចាប់អារម្មណ៍ការដាក់ ឱ្យអនុវត្តជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពីព្រោះកម្មវិធីបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់ សម្រាប់វិស័យឯកជន ។ ការបណ្តុះបណ្តាលនេះវាជាឆ្នាំងបាយសម្រាប់វិស័យឯកជន ក្នុងការបង្កើនផលិតភាព ពីព្រោះកម្មករ និងបុគ្គលិកមានឱកាសក្នុងការបង្កើនជំនាញ។

ទន្ទឹមនឹងការគាំទ្រជានិច្ច នូវយន្តការថ្មីៗដែលបានដាក់ចូលសម្រាប់បម្រើផលប្រយោជន៍កម្មករ និយោជិតនៅកម្ពុជា កម្មករនិយោជិត និងវិស័យឯកជនទាំងអស់ បានសម្តែងការអរគុណរាជរដ្ឋាភិបាល អរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់កម្មករ និយោជិតនៅទូទាំងប្រទេស ។

គូរកត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជាប្រមុខ បាននិងកំពុងបន្តយកចិត្ត ទុកដាក់ខ្ពស់ លើការអនុវត្តសិទ្ធិការងារ និងការផ្តល់អត្ថប្រយោជន៍ដល់កម្មករ ហើយរាជរដ្ឋាភិបាល មានយន្តការក្នុងការលើកកម្ពស់ការការពារសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍ នានាជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារ សង្គមផងដែរ។

រាជរដ្ឋាភិបាលបានផ្តល់ អត្ថប្រយោជន៍ជាច្រើនជូនបងប្អូនកម្មករនិយោជិត ក្នុងនោះ កម្មករប្រើប.ស.ស.ដោយឥតគិតថ្លៃ, ការដំឡើងប្រាក់ឈ្នួល ក្នុងឆ្នាំ២០២៤, គិតគូរពីតម្លៃទឹកភ្លើង ផ្ទះជួល, ការបង្កើតយន្តការផ្សេងៗដើម្បីលើកកម្ពស់សិទ្ធិកម្មករ, ការឧបត្ថម្ភដល់កម្មការិនីនិយោជិតមានផ្ទៃពោះ និងមានយន្តការការច្រើនទៀត ណាស់ ដែលដាក់ចេញ ដោយរដ្ឋាភិបាល ក្នុងនោះកម្មករក៏អាចទទួល បានការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដោយឥតគិតថ្លៃផងដែរ ។

គួរកត់សំគាល់ថា សម្តេចមហាបវរធិបតី ក៏បានដាក់ចេញនូវអនុសាសន៍ចំនួន ៤ចំណុចឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្ត​ សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ផងដែរ ក្នុងនោះទី១ សហការជាមួយក្រសួងពាក់ព័ន្ធកសាង មត្តេយ្យសហគមន៍ ទី២ កែសម្រួលអាហារដ្ឋានហូបបាយ ក្នុងបរិវេណរោងចក្រសហគ្រាស ទី៣ កែសម្រួលមធ្យោបាយធ្វើដំណើរ និងទី៤ ការធ្វើតេស្តទទួលស្គាល់ជំនាញ ដល់កម្មករនិយោជិតផងដែរ៕

To Top