ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ម៉ារី ហេលេន ល័រហ្សង (Marie Hélène LOISON) អគ្គនាយិការង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបន្ថែមទៀត ។

ក្នុងជំនួបជាមួយសម្តេចធិបតី នៅវិមានសន្តិភាព នាថ្ងៃទី២១ ឧសភា លោកស្រី ម៉ារី ហេលេន ល័រហ្សង បានបញ្ជាក់អំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងកម្ពុជា និងបានប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទៀត។ ជាមួយគ្នានេះ លោកស្រីអគ្គនាយិការង ក៏បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធការពារសង្គម ការកសាងមូលធនមនុស្ស ថាមពល និងបច្ចេកវិទ្យា ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យ របស់កម្ពុជា ។
លោកស្រីអគ្គនាយិការង ក៏បានជម្រាបសម្តេចធិបតីពីកម្មវិធីរបស់ទីភ្នាក់ងារ AFD នៅកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត ហិរញ្ញវត្ថុ ធនាគារ ហិរញ្ញវត្ថុបៃតង ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ លោកស្រី អគ្គនាយិការង ក៏បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែង ក្នុងគោលដៅឈានទៅរក អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ផងដែរ។

បន្ថែមលើនេះ លោកស្រីអគ្គនាយិការង ក៏បានលើកពីការបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការរួមចំណែក និងបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ២០២៩ តាមរយៈការធ្វើការងារយ៉ាង ជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ។
ជាមួយគ្នានេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់លោកស្រី ក្នុងការបន្តគាំទ្រ និងរួមចំណែកអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ដោយ សម្តេចធិបតី បានសម្តែងការគាំទ្រចំពោះកម្មវិធី ដែលមានស្រាប់របស់ទីភ្នាក់ងារ AFD នៅកម្ពុជា។
សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើការធានាបាន នូវនិរន្តភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យឆ្នាំ ២០៥០។

ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការដាក់ចេញ នូវគោលដៅក្នុងការលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងនៃវិស័យថាមពលបៃតង និងឈានទៅដល់ អព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដោយបច្ចុប្បន្នកម្ពុជា បានសម្រេចការប្រើប្រាស់ ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ ថាមពលស្អាតឲ្យបានដល់៧០% ត្រឹមឆ្នាំ២០៣០។
បន្ថែមលើនេះ សម្តេចធិបតី ក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលដៅ ក្នុងការផ្គត់ផ្គង់ទឹកស្អាតឲ្យបាន១០០% និងគោលនយោបាយក្នុងការគ្រប់គ្រង ប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការប្រើប្រាស់ទឹកគ្រប់គ្រាន់ និងការទប់ស្កាត់ នូវគ្រោះមហន្តរាយទឹកជំនន់ និង ការបង្កផលវិបាកផ្សេងៗទៀត នារដូវវស្សាផងដែរ ។

សម្តេចធិបតី និង អគ្គនាយិការង ក៏បានផ្លាស់ប្តូរយោបល់ លើវិស័យសំខាន់មួយចំនួន ៖ (១) ពាណិជ្ជកម្ម និងគោលនយោបាយក្នុង ការទាក់ទាញការ វិនិយោគដោយ រាជរដ្ឋាភិបាលកម្ពុជា , ការធ្វើសាមញ្ញកម្មនីតិវិធី នៃដំណើរការវិនិយោគ , និងគំនិតផ្តួចផ្តើមថ្មីៗ , (២) គំនិតផ្តួចផ្តើមក្នុងការបង្កើត មជ្ឈមណ្ឌលវប្បធម៌ និង ភាសាបារាំងប្រចាំតំបន់នៅកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាល ផ្នែកវប្បធម៌ ភាសា ទំនាក់ទំនងប្រជាជន និងប្រជាជន កីឡា ទេសចរណ៍ និងពាណិជ្ជកម្ម និង (៣) អន្តរកាល នៃវិស័យថាមពល ដោយបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងការដាក់ចេញនូវផែនការ យុទ្ធសាស្ត្រសំខាន់ៗ ក្នុងការធានាឲ្យបាននូវការប្រើប្រាស់ថាមពល និងចូលរួមចំណែកការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុផងដែរ ៕
