ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈទុកជាមុនគ្រប់ពេល ដើម្បីកំចាត់ និងកម្ទេចចោលចំពោះអ្នកធ្វើបដិវត្តពណ៌ តាមគ្រប់រូបភាពផ្សេងៗ ព្រោះសម័យនេះគេតែងតែធ្វើបដិវត្តពណ៌ ជាងការធ្វើរដ្ឋប្រហារ ។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » នៅថ្ងៃ២២ ឧសភា សម្តេចតេជោបានលើកឡើងកាលពីអតីតកាលថា កម្ពុជាមានការធ្វើរដ្ឋប្រហារទំលាក់ អតីតព្រះមហាក្សត្រ សម្តេច សីហនុ ។ ដូច្នេះបើគ្មានរដ្ឋប្រហារ១៨ មីនា ១៩៧០ទេ គឺគ្មានអំពើប្រល័យពូជសាសន៍កើតឡើងដែរ។ ករណីនេះសម្តេចតេជោបានទាញភ្ជាប់ថា ពេលមុនគេនិយមធ្វើរដ្ឋប្រហារ ដោយសារពួកបរទេសញុះញងឲ្យធ្វើ ប៉ុន្តែសម័យនេះវិញ គេមិនធ្វើរដ្ឋប្រហារទេ តែគេធ្វើបដិវត្តពណ៌ម្តង ។
សម្តេចតេជោគូសបញ្ជាក់ថា “អីចឹងអាបដិវត្តពណ៌នេះ បើឃើញវាងើបដាក់វាទៅ ព្រោះអានេះ នាំឲ្យមានអំពើប្រល័យពូជសាសន៍ទៀតហើយ នាំដល់សង្គ្រាម”។
រឿងនេះសម្តេចតេជោក៏បានសង្កត់ធ្ងន់ថា មិនត្រូវឲ្យមានទៀតទេព្រោះ កាលពីឆ្នាំ២០១៣ មានការប៉ុនប៉ងធ្វើបដិវត្តពណ៌ម្តងរួចមកហើយ ប៉ុន្តែសម្តេចផ្ទាល់ទប់ស្កាត់ទាន់ពេលវេលា ដោយបានរកឃើញនូវគន្លឹះបដិវត្ត ដែលស្ថិតនៅលើកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ។
ដូច្នេះចំណុចនេះ សម្ដេចតេជោ បានបន្តថា “មេបញ្ជាការជើងគោក រដ្ឋមន្រ្តីការពារជាតិ អគ្គបញ្ជាការ ចាំឲ្យច្បាស់ណា មេប៉ូលិសចាំឲ្យច្បាស់ អព្យាក្រឹត្យបានតែចំពោះមុខ រវាងបក្សនិងបក្សទេ ។ បើយើងជំពាក់ការពារឲ្យបក្សនយោបាយណាមួយ ក៏ត្រូវការពារបក្សនយោបាយដទៃដូចគ្នា ប៉ុន្តែរវាងបក្សនយោបាយនិងរដ្ឋាភិបាល អត់មានអព្យាក្រឹត្យទេ ។ សូមទោស ហែងចេញមកចង់ផ្តួលរំលំ ដាក់ហែងក្រវាត់ចោល… និយាយឲ្យច្បាស់ចឹងតែម្តង”។
សម្តេចប្រធានព្រឹទ្ធសភាក៏បានផ្តាំថា ដើម្បីការពារប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ កុំខ្លាចជាមួយនឹងមនុស្ស២ទៅ៣នាក់ ដែលពួកគេបានធ្វើខុសច្បាប់ឲ្យសោះ។ ដូច្នេះបើមានបដិវត្តពណ៌ហើយ មិនមែនកងកម្លាំងប្រដាប់អាវុធ អត់មានសកម្មភាពអ្វីនោះទេ ត្រូវតែបង្ក្រាប ដើម្បីសន្តិភាពសម្រាប់ពលរដ្ឋនៅទូទាំងប្រទេស និងជៀសវាងការមានសង្គ្រាមផងដែរ ៕