ព័ត៌មានជាតិ

សម្ដេចធិបតី ៖ មូលធនមនុស្ស គឺជាគន្លឹះអាទិភាព សម្រាប់កសាងប្រទេសជាតិ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នៅតែចាត់ទុកមូលធនមនុស្ស គឺជាគន្លឹះអាទិភាព សម្រាប់ការកសាងប្រទេសជាតិ ហើយមូលធនមនុស្ស ក៏ជាដង្ហើមជំរុញសេដ្ឋកិច្ចផងដែរ ។

នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅថ្ងៃ២៣ ឧសភាសម្ដេចធិបតី បានលើកឡើងថា សម្រាប់អាណត្តិទី៧នេះ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ មូលធនមនុស្ស គឺ ជាកត្តាអាទិភាពទី១ ដើម្បីឲ្យមូលធនមនុស្សល្អ គឺត្រូវមានសុខភាព ល្អជាចំបង។

សម្ដេចធិបតីមានប្រសាសន៍ថា «សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ យុទ្ធសាស្ដ្របញ្ចកោណ ដែលបន្ដពីយុទ្ធសាស្ដ្រ ចតុកោណ ធនធានមនុស្ស នៅតែជាគន្លឹះអាទិភាពទីមួយ ។ ខ្ញុំ សូមបញ្ជាក់ជាថ្មីម្ដងទៀត មូលធនមនុស្ស គឺជាគន្លឹះអាទិភាព សម្រាប់ការកសាងប្រទេសរបស់យើង ព្រោះមនុស្ស គឺកំណត់ប្រទេស មនុស្សគឺជាដង្ហើម គឺជាអ្នកអនុវត្តប្រតិបត្តិ ក្នុងការជំរុញសេដ្ឋកិច្ច ថែទាំវប្បធម៌ ថែទាំប្រពៃណី និងអត្តសញ្ញាជាតិ»។

សម្ដេចធិបតីបន្ដថា ដើម្បីកសាងមូលធនមនុស្សបាន គឺសុខភាព និងចំណេះដឹង គឺជាកិច្ចការងារសំខាន់ផងដែរ។ សម្ដេចថា គោលដៅក្នុងការកសាងសុខភាព គឺធ្វើឲ្យប្រជាពលរដ្ឋ អាចទទួលបានការថែទាំងសុខភាព ពីសេវាសុខាភិបាល ដែលមានគុណភាព និងតម្លៃសមរម្យ។

ជាងនេះទៅទៀត សម្ដេច​នាយករដ្ឋមន្ដ្រី បានឲ្យដឹងថា មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក នឹងបើកទ្វាររាល់ថ្ងៃ និងបើក២៤ ម៉ោងលើ ២៤ម៉ោង។ សម្ដេចថា រាជរដ្ឋភិបាល មិនទុកប្រជាពលរដ្ឋណាម្នាក់ ត្រូវបោះបង់ចោល ដោយគ្មានការធានាថែទាំសុខភាពនោះទេ ៕

To Top