ព័ត៌មានជាតិ

លោក គិន ភា៖ ក្រោយបញ្ចប់សមយុទ្ធ “នាគមាស” រវាងកម្ពុជា-ចិន មិនអាចធ្វើឲ្យភូមិសាស្រ្តនយោបាយតានតឹងទេ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា លោក គិន ភា បានមើលឃើញថា មិនឲ្យធ្វើឲ្យមានបញ្ហាភូមិសាស្រ្តទាំងក្នុងតំបន់ និងពិភពលោកតានតឹងនោះទេ ក្រោយពីសមយុទ្ធនាគមាស លើកទី៦ រវាងកងទ័ពកម្ពុជានិងចិន បានបញ្ចប់កាលពីថ្ងៃ២៧ ឧសភា ។

ការលើកឡើងរបស់លោកនេះ ព្រោះមានមតិក្រុមប្រឆាំងមួយចំនួននិយាយថា សមយុទ្ធនេះត្រូវបានភាគីអាមេរិក តាមដានយកចិត្តទុកដាក់ជាខ្លាំងផងដែរ ។ ដោយអាមេរិកបារម្ភខ្លាចពីឥទ្ធិពលចិន កាន់តែមានបន្ថែមមកលើកម្ពុជា ។ អ្វីកាន់តែជាពិសេសទៀតនោះ គឺរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ឡយ អូស្ទីន គ្រោងបំពេញទស្សនកិច្ចនៅកម្ពុជា នាដើមខែមិថុនា បន្ទាប់ពីលោកមកចូលរួមសន្និសីទ កំពូលស្ដីពីសន្តិសុខ សាងហ្គ្រីឡា (Shangri-La Dialogue) នៅប្រទេសសិង្ហបុរី (Singapore) ។

លោក គិន ភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៩ ឧសភា ថា “ទិដ្ឋភាពភូមិសាស្រ្តនយោបាយបើយើងក្រឡេកមើល ខ្ញុំយល់ឃើញថា ការធ្វើសមយុទ្ធនាគមាសនេះ គឺវាជាសកម្មភាព ជាទំលាប់ ជាប្រក្រតីដែលកងទ័ពនៃប្រទេសទាំង២ តែងតែធ្វើជាប់ជាប្រចាំ មកដល់ពេលនេះគឺលើកទី៦ហើយ ។ ដូច្នេះវាមិនគួរក្លាយទៅជាបញ្ហាប្រឈម ដែលនាំឲ្យមានភាពតានតឹង ខាងភូមិសាស្រ្តនយោបាយ នៅក្នុងតំបន់ ឬនៅក្នុងពិភពលោកទេ ។ ពិតហើយសហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចដែលកាន់តំណែងទី១ នៅក្នុងពិភពលោក កំពុងតែសម្លឹងមកលើប្រទេសចិន គ្រប់ជំហាន គ្រប់សកម្មភាព គ្រប់សេណារីយ៉ូទាំងអស់ដោយមានការប្រុងប្រយ័ត្នបំផុត ពីព្រោះសហរដ្ឋអាមេរិកតែងតែបារម្ភ អំពីការរះត្រដែតឡើងនៃតួនាទី របស់ចិនក្នុងកិច្ចការតំបន់ និងពិភពលោកលើគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច ការទូត សន្តិសុខ និងគំនិតផ្តួចផ្តើមដ៏ទៃទៀតរបស់ចិន”។

សមយុទ្ធនេះ លោកក៏បានអះអាងថា នឹងផ្តល់ផលចំណេញយ៉ាងធំធេង ដល់កងទ័ពកម្ពុជានិងចិន ជាពិសេសកងទ័ពកម្ពុជា បានធ្វើឲ្យទទួលបទពិសោធន៍ថ្មីៗបន្ថែមទៀត នៅក្នុងការពង្រឹងសមត្ថភាព និងការធ្វើទំនើបកម្មវិស័យការពារជាតិ ដោយសំដៅការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។

សម្រាប់យុទ្ធនាគមាសនេះ លោកថា ក៏កាន់តែធ្វើឲ្យទំនាក់ទំនងស៊ីជម្រៅ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ ៕

To Top