ភ្នំពេញ ៖ ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ចំនួន ១៥នាក់បន្ថែមទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែង ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតខ្មែរប្រចាំនៅប្រទេស អារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ ។ គិតត្រឹមលើកនេះបងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញ សរុបបានចំនួន ៧៨នាក់រួចហើយ។

ការមកដល់របស់ពលការិនីទាំងអស់ ត្រូវបានទទួលយ៉ាងកក់ក្តៅ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីការសម្របសម្រួល នៅព្រលានយន្តហោះ ក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង ។

សូមរំលឹកថា ក្រោយមានការសម្របសម្រួល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីសរុបចំនួន ៧៨នាក់ហើយ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និង ការធ្វើដំណើរ ពលករទាំងអស់ ទទួលបានការផ្សព្វផ្សាយ ពីឱកាសការងាររ៉ាប់ម៉ឺនកន្លែង ដែលមាននៅក្នុងស្រុក និងនៅជិតភូមិដ្ឋាន ក៏ដូចជា ការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ (C1) ដោយឥតគិតថ្លៃ រួមទាំងទទួលបានការពិនិត្យសុខភាព ថែមទៀតផង មុននឹងការជូនដំណើរ ទៅកាន់គេហដ្ឋាន ។ ចំណែក បងប្អូនពលការិនីដែលមិនទាន់បានវិលត្រឡប់មកវិញ កំពុងត្រូវបានជួយទំនុកបម្រុង កន្លែងស្នាក់នៅ អាហារ និងតម្រូវការផ្សេងៗ ដោយស្ថានឯកអគ្គរាជទូតកម្ពុជា ។








