ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កំពង់ផែពហុបំណងកំពត នឹងក្លាយជាសរសៃឈាមដ៏សំខាន់ សម្រាប់ដឹកជញ្ជូន តាមផ្លូវសមុទ្រកម្ពុជា

កំពត ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា កំពង់ផែពហុបំណងកំពត នឹងក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឲ្យប្រសើរឡើងនូវសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញផងដែរ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅថ្ងៃ៦ មិថុនា សម្ដេចធិបតីកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង សាធារណការ និងដឹកជញ្ជូន, រដ្ឋបាលខេត្តកំពត ក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការ យ៉ាងល្អជាមួយ ក្រុមហ៊ុនកំពតផត ក្នុងការសម្រេចបាននូវសមិទ្ធផល កំពង់ផែពហុបំណងកំពត។

សម្ដេចធិបតីគូសបញ្ជាក់ថា «ទោះបីជា កំពង់ផែពហុបំណងកំពត គឺជាការបោះទុនវិនិយោគ ដោយវិស័យឯកជនក៏ពិតមែនក៏កំពង់ផែនេះ នឹងចូលរួមចំណែក នឹងក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឲ្យប្រសើរឡើងនូវសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ រួមទាំងការជួយជំរុញសេដ្ឋកិច្ចនៅកំពត ក៏ដូចជាការអភិវឌ្ឍសង្គមកិច្ចកម្ពុជាផងដែរ»។

សម្ដេចធិបតីបន្ដថា វិស័យកំពង់ផែ គឺ ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានាដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការ អភិវឌ្ឍដោយត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាព នៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ឲ្យកាន់តរីកចម្រើនថែមទៀត។

សម្ដេចធិបតីថា កំពង់ផែពហុបំណងកំពតនេះ ត្រូវចាត់ទុកថា នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើប និងមានសារៈសំខាន់ជួយបំពេញបន្ថែមលើមុខងារ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

សូមរំលឹកថា កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឲ្យបង្កើតឡើងក្នុងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ ផ្តល់លិខិតអនុញ្ញាតឲ្យធ្វើការអភិវឌ្ឍ សាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅក្នុងអំឡុងឆ្នាំ២០១២ នៅលើផ្ទៃដីទំហំ សរុប២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត ៕

To Top