ព័ត៌មានជាតិ

ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញ​ជួបសំណេះសំណាល​​ជាមួយថ្នាក់ដឹកនាំ​ និង​​​មន្ត្រីរាជការ​ នៃមន្ទីរធនធានទឹក និង​ឧតុនិយម​ ខេត្ត​កំពត​ ខេត្តកែប ខេត្ពព្រះ​សីហនុ​ ខេត្ត​កោះកុង​​ ខេត្តកំពង់ស្ពឺ​ និង​​ខេត្ត​តាកែវ​

នា​ថ្ងៃព្រហស្បតិ៍​​ ១៥​រោច​ ខែពិសាខ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវនឹងថ្ងៃទី​៦​ ខែមិថុនា ឆ្នាំ២០២៤នេះ​ នៅ​ខេត្តកំពត​​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានអញ្ជើញជួប​សំណេះ​សំណាល​​​និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ និង​​មន្ត្រី​រាជការ​​នៃមន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​​ខេត្តកំពត ខេត្តកែប​​ ខេត្តព្រះសីហនុ​​ ខេត្តកោះកុង​ ខេត្តកំពង់ស្ពឺ​ និង​ខេត្តតាកែវ​។

ក្នុងឱកាសនោះ​ ​លោកប្រធានមន្ទីរ​ធនធានទឹក និង​ឧតុនិយមខេត្ត​ទាំង ៦​ ​បាន​​រាយការណ៍ដោយសង្ខេបជាបន្តបន្ទាប់​​​ស្តីពី​ស្ថានភាព​បុគ្គលិកមន្ត្រីរាជការ​ ការងារ​ដឹកនាំ ការងារសហប្រតិបត្តិការ ការព្យាករធាតុអាកាសក្នុងតំបន់​ជាប្រចាំ​​ និង​បញ្ហាដែលបានជួបប្រទះ​​ ព្រមទាំង​​​លទ្ធផលការងារថែទាំ​និង​​ជួសជុល​ស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ​​ ​និង​កិច្ច​អន្តរាគមន៍​​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​នាឆ្នាំ​២០២៣​កន្លងទៅរបស់មន្ទីរ​តាមខេត្តនីមួយៗ​ ផងដែរ​។​

ជាកិច្ចស្វាគមន៍​ ឯកឧត្តម​រដ្ឋមន្ត្រី​បានបង្ហាញនូវក្តីសោមនស្សរីករាយ​ដែលមានឱកាសបាន​ជួបជាមួយ​ថ្នាក់ដឹកនាំ និង​​មន្ត្រីរាជការនៃមន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្តទាំង៦ ដោយផ្ទាល់នៅ​ពេលនេះ​ ដើម្បី​បង្កើននូវភាព​ស្និទ្ធស្នាល​ កាត់បន្ថយគម្លាត​​រវាងថ្នាក់លើ និង​ថ្នាក់ក្រោម​ ព្រមទាំងស្តាប់នូវរបាយការណ៍ផ្ទាល់មាត់​ និង​បញ្ហាប្រឈម​ដែលកើតមានឡើង​​ និង​ជាឱកាស​សម្រាប់​មន្ទីរនីមួយៗ អាចផ្លាស់ប្ដូរបទពិសោធន៍ និង​ចែករម្លែកចំណេះដឹងគ្នាទៅវិញទៅមក។​

ឯកឧត្ដមរដ្ឋមន្ត្រី​​ បាន​ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​នៃមន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្តទាំង៦​ ជាពិសេសកិច្ចអន្តរាគមន៍​នៅ​រដូវប្រាំង​កន្លងមកលើការផ្តត់ផ្គង់ទឹកសម្រាប់ស្រោចស្រពវិស័យកសិកម្ម​ និង​ទឹកស្អាត​សម្រាប់​​ការប្រើប្រាស់ប្រចាំថ្ងៃ​។​

ជាមួយគ្នានេះដែរ​ ឯកឧត្តម​​រដ្ឋមន្ត្រី បានផ្តល់នូវមតិសំណេះសំណាល និងអនុសាសន៍ល្អៗ​ ប្រកបដោយអត្ថន័យ​ខ្លឹមសារ​ជាគន្លឹះ ដើម្បី​អនុវត្តការងារបន្ត​ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមចក្ខុវិស័យកំណែទម្រង់របស់ក្រសួង ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ​ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បានគូសបញ្ជាក់ពីតម្រូវការធនធានមនុស្សចាំបាច់ក្នុងការអនុវត្តការងារ​ ជាពិសេសជំនាញ​ជលសាស្ត្រ​ ជំនាញធារាសាស្ត្រ និង​ជំនាញឧតុនិយម​ ដើម្បីឆ្លើយតបនឹង​ការងារនាពេលអនាគតសម្រាប់បម្រើឱ្យអន្តរវិស័យ​។​

ឯកឧត្តម​រដ្ឋមន្ត្រីក៏​​បាន​លើកឡើង​​ពី​សារសំខាន់ និង​ភាពចាំបាច់​នូវ​​​កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងស្ថាប័ន​ កិច្ចសហការ​រវាង​មន្ទីរពាក់ព័ន្ធ​ ដោយបាន​​បង្កើតជាក្រុមការងារ​តូចៗ មាន​ដូចជា​ ១)​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ក្រសួងធនធានទឹក និង​ឧតុនិយម និង​​ក្រសួងអភិវឌ្ឍន៍ជនបទ​ និង​២)​ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ​ និង​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ធ្វើការរួមគ្នាដោះស្រាយ​បញ្ហា​ទូទៅពាក់ព័ន្ធនឹងវិស័យ​កសិកម្ម និង​​វិស័យទឹកស្អាត​ជាដើម​​។

គួរបញ្ជាក់ថា​ ពិធីសំណេះសំណាលរវាងឯកឧត្តម​រដ្ឋមន្ត្រី​ជាមួយថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្តទាំង៦​​ បានបញ្ចប់ទៅប្រកបដោយអត្ថន័យ និងខ្លឹមសារ ព្រមទាំងមាន​ចក្ខុវិស័យវែងឆ្ងាយសំដៅដល់ការត្រៀមខ្លួនជាបន្តបន្ទាប់ ដើម្បីអនុវត្តការងារឆ្ពោះទៅមុខ ក្រោម​បរិយាកាសរីករាយ និង​សិ្នទ្ធស្នាលបំផុត៕​

To Top