ព័ត៌មានជាតិ

ដកតំណែង លោក សំអាង ផានី ពីអធិការក្រុងច្បារមន ក្រោយបែកធ្លាយ ករណីដោះលែង ជនបង្កហិង្សា៤នាក់

កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យ តាមរូបភាព ដកហូតមុខតំណែង ចំពោះលោកវរសេនីយ៍ទោ សំអាង ផានី អត្តលេខ ៧៥៦៨៧ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ដោយមូលហេតុ ល្មើសវិន័យនគរបាលជាតិកម្ពុជា ។

នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដែលទើបចេញផ្សាយផ្លូវការ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមជុំវិញ ករណីនេះថា ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីក្រុមអធិការកិច្ច របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរកឃើញថា អតីតអធិការក្រុងច្បារមនរូបនេះ នៅពេលដែលលោក កាន់តំណែងជាអធិការរងក្រុងច្បារមន មិនបានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនាមជានគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយ នៅក្នុងក្រុងច្បារមន ។

លោកបណ្ឌិតបានបញ្ជាក់ដែរថា ការតែងតាំងលោក សំអាង ផានី ជាអធិការ នៃអធិការដ្ឋាន ក្រុងច្បារមននាពេលកន្លងមក គឺធ្វើឡើងស្របពេល ដែលក្រុមអធិការកិច្ច កំពុងពិនិត្យ និងស្រាវជ្រាវសំណុំរឿង មិនប្រក្រតីរបស់លោក ។ ប៉ុន្តែបន្ទាប់ពីក្រុមអធិការកិច្ច បានរកឃើញភស្តុតាងគ្រប់គ្រាន់រួចមក ទើបក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ១ថ្នាក់ពីវរសេនីយ៍ទោ មកនៅត្រឹមវរសេនីយ៍ត្រី ។

យោងតាមបណ្តាញផ្សព្វផ្សាយមួយចំនួន បានរាយការណ៍ថា កាលពីអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣កន្លងទៅ មានករណីក្មេងទំនើងមួយ ក្រុមព្រួតគ្នាវាយលើជនរងគ្រោះបណ្តាល ឲ្យរងរបួសក្បាលដេរ ៣៣ ថ្នេរ នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
បន្ទាប់ពីជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងច្បារមន លោក សំអាង ផានីអធិការរង ក្រុងច្បារមន(សំអាង ផានី)ដែលជាអ្នកទទួលសំណុំរឿង ទាក់ទិនទៅនឹងការប្រើ អំពើហិង្សា តាមវាយជនរងគ្រោះដល់ផ្ទះនេះ ។

បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងលោកអធិការរង ក្រុងច្បារមន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះប្រតិបត្តិការចាប់បានបក្ខពួកជនបង្ក ចំនួន៤ នាក់ នឹងបានខលប្រាប់ជនរងគ្រោះថាបានចាប់បានជនបង្កចំនួន៤នាក់ ហើយឲ្យជនរងគ្រោះទៅជួបនៅអធិការដ្ឋាន នគរបាលក្រុងច្បារមន ។ បន្ទាប់មកពេលជនរងគ្រោះ ទៅដល់អធិការដ្ឋាននគរបាលក្រុងច្បារមន ស្រាប់តែលោក សំអាង ផានី ឲ្យផ្តិតមេដៃនៅលើក្រដាសសមួយ ដោយបញ្ជាក់ប្រាប់ថា ដកពាក្យបណ្ដឹង ខណៈលោកអធិការរង បានដោះលែងជនបង្កទាំងបួនរូបនោះរួចទៅហើយ ៕
ដោយ៖សុខសុភ័ណ្ឌ

To Top