ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានថ្លែងថា ការប្រារព្ធពិធីពិព័រណ៍ ផ្សព្វផ្សាយ និងចែកកូនឈើ ព្រមទាំងវេទិកាកេសរកូលជាតិ លើកទី៤ បានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ក្នុងអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៧។

ការលើកឡើង របស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសអញ្ជើញ ជាអធិបតីក្នុងបើកសម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និង វេទិកាកេសរកូលជាតិលើកទី៤» ដែលរៀបចំរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០-១២ កក្កដា នៅមុខទីស្តី ការក្រសួងបរិស្ថាន។

លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “ការប្រារព្ធពិធី ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ គឺជាព្រឹត្តិការណ៍ ដ៏សំខាន់មួយ ដែលចាត់ទុកជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តមួយ ដែលក្រសួងបរិស្ថាន ក្នុងអាណត្តិនៃរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរៀបចំឡើងក្នុងគោល បំណងបណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ឲ្យស្រលាញ់ដើមឈើ តាមរយៈការយល់ដឹងអំពីអត្ថប្រយោជន៍ នៃព្រៃឈើរុក្ខជាតិ និងកេសរកូលព្រៃនៅកម្ពុជា និងការចូលរួមដោយផ្ទាល់ ក្នុងការដាំដើមឈើ និងការដាំស្តារព្រៃឈើនៅកម្ពុជា»។

គួរបញ្ជាក់ថា ការតាំងពិព័រណ៍នេះ មានស្តង់សរុបចំនួន១៥០ ក្នុងនោះ មានស្តង់មន្ទីរបរិស្ថានទាំង២៥រាជធានី ខេត្ត , ស្តង់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ, ស្តង់ដៃគូអភិវឌ្ឍន៍ , វិស័យឯកជន , ក្រុមអ្នកប្រមាញ់រូបភាពជីវៈចម្រុះ និងយុវជនអ្នកស្រឡាញ់បរិស្ថាន។

ពិព័រណ៍ «ពន្លកបៃតង» រៀបចំឡើង ដោយមានការតាំងបង្ហាញ និង ចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឲ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួម អភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន ៣គឺ ស្អាត បៃតង និងចីរភាព៕




