ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំគោលការណ៍៤ចំណុច ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គម​​ ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន នាពេលថ្មីៗនេះ បានធ្វើការណែនាំនូវគោលការណ៍ ៤ចំណុចសំខាន់ៗ ឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជា​ប់​ ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គម​​ ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ។

គោលការណ៍ទាំង៤ចំណុច ដែលលោក ទេព អស្នារិទ្ធ ធ្វើការណែនាំនោះ រួមមាន៖ទី១.បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយដោយទាំងមិនទាន់បានអានស្រួលបួល និងមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិនផងនោះ, ទី២.កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវអាននិងត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ ជាមួយប្រភពព័ត៌មានផ្សេងទៀត ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាន និងបណ្តាញផ្សាយឌីជីថលផ្លូវការ ប្រភពផ្សាយព័ត៌មានបែបអាជីព ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវទុកចិត្តបាន មុននឹងចែកចាយបន្ត, ។

ទី៣.ចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពអាទិភាព សម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀត​ ឱ្យធ្វើដូច្នេះដែរ និងទី៤.ចែករំលែក ឬផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមរស់នៅប្រចាំថ្ងៃរបស់យើង សម្រាប់ជាប្រយោជន៍គ្រួសារ អ្នកនៅជុំវិញខ្លួនយើង និងខ្លួនឯងផ្ទាល់។

លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា “យើងទាំងអស់គ្នាត្រូវចងចាំថា «ពាក្យចចាមអារ៉ាម ឬការនិយាយតៗគ្នា ឬ ការគ្រាន់តែឮគេថា» ជាព័ត៌មានដែលយើងមិនទាន់អាចយកជាការបាននៅឡើយ លុះត្រាតែព័ត៌មានទាំងនេះត្រូវបានបញ្ជាក់ ដោយប្រភពច្បាស់លាស់ ដោយការផ្សាយ ឬសេចក្តីរាយការណ៍ព័ត៌មានផ្លូវការ ដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ”។

ក្នុងនោះ លោក ទេព អស្នារិទ្ធ ក៏បានណែនាំបន្ថែមថា ដើម្បីអាចសម្គាល់ថាព័ត៌មានមួយ ជាព័ត៌មានក្លែងក្លាយឬអត់ គេអាចឈរលើគោលការណ៍មូលដ្ឋានមួយចំនួន៖ ទី១) ចាំបាច់ត្រូវស្វែងរកប្រភពនៃព័ត៌មាននោះ និងត្រូវរកមើលតើវាត្រូវបានចេញផ្សាយ ដោយប្រភពផ្សេងទៀតដែរឬទេ ដើម្បីអាចផ្ទៀងផ្ទាត់ ចៀសវាងការដែលវាគ្រាន់តែជាការនិយាយតៗគ្នា ឬ ការគ្រាន់តែឮគេថា, ទី២) អាចដាក់ការសង្ស័យបឋម​ ចំពោះព័ត៌មាននោះប្រសិនបើវា មិនមានភាពច្បាស់លាស់ ឬមិនពេញលេញ ចំពោះសំនួរទាំងនេះ៖ អ្នកណា? អំពីអ្វី? កាលពីពេលណា? នៅទីណា? ហេតុអ្វី? និងយ៉ាងដូចម្តេច?, ទី៣) ជានិច្ចជាកាលត្រូវប្រុងប្រយ័ត្នចំពោះការផ្សាយទាំងឡាយណាដែលធ្វើឡើងក្នុងគោលបំណងឆបោក ឬបញ្ឆោត ដែលជាទូទៅវាហាក់ដូចជាជំរុញ ឱ្យអ្នកដែលទទួលព័ត៌មានធ្វើអ្វីមួយ ដោយប្រញាប់ ឬបន្ទាន់ដើម្បីកុំឱ្យហួសពេល ដោយប្រើរង្វាន់ ឬអត្ថប្រយោជន៍ជាដើមជាធ្នាក់, ទី៤) អវត្តមានធាតុស្នូល ឬតួអង្គសំខាន់ក្នុងព័ត៌មាន បង្កប់ជំហលម្អៀង ដោយមានឧបាយកលនយោបាយ ដើម្បីបំភ្លៃព័ត៌មាន កាឡៃការពិត ដើម្បីបំភាន់មតិសាធារណៈ បំផ្លាញកេរ្តិ៍ឈ្មោះ ឬបង្កចលាចល, ទី៥)មុននឹងជឿលើព័ត៌មានណាមួយជាពិសេសនៅលើបណ្តាញសង្គម សូមអានដោយផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន ហើយពិចារណាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តចែកចាយទៅកាន់អ្នកដទៃ ។

លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យា ចំនួនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយទំនាក់ទំនងបែបឌីជីថល​ នាពេលបច្ចុប្បន្ន មា​នការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែភាពងាយស្រួល រហ័ស និងអត្ថប្រយោជន៍របស់វាមួយចំនួនទៀត។ ទន្ទឹមនេះការផ្សាយ និងចែកចាយមាតិកាលើបណ្តាញឌីជីថលទាំងនេះ ក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ បន្ថែមលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរដ្ឋ-ឯកជន។ ការនេះ បានធ្វើឱ្យសង្គមយើងមានប្រភពចែកចាយព័ត៌មានច្រើន ទាំងល្អនិងអាក្រក់ ទាំងពិតនិងមិនពិត។

ជាមួយគ្នានេះ លោកបានបន្ថែមទៀតថា សង្គមមានស្ថិរភាព សណ្តាប់ធ្នាប់ល្អ និងមានភាពរីកចម្រើន គឺជាសង្គមដែលមានលំហព័ត៌មានសុវត្ថិភាព ពោលគឺមានចរាចរនូវព័ត៌មានពិត គ្រប់ជ្រុងជ្រោយនិងមានគុណភាព ដែលជាធាតុចាំបាច់សម្រាប់គាំទ្រដល់ប្រជាជន យកជាមូលដ្ឋានក្នុងការធ្វើការសម្រេចចិត្ត សម្រាប់ការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែ ប្រសិនបើព័ត៌មាននោះជាព័ត៌មានដែលត្រូវបានគេកាឡៃ ក្នុងគោលបំណងបំភ្លៃការពិត បំភាន់មតិសាធារណៈ ឬបំពុលសង្គម បាននិងកំពុងជះឥទ្ធិពលអាក្រក់ បង្កផលវិបាកមកលើសង្គមរស់នៅរបស់យើង ពោលគឺ អាចបង្កឱ្យមានភាពចលាចល ភាពច្របូកច្របល់ ភាពអសន្តិសុខក្នុងសង្គម។ ហើយប្រភេទនៃព័ត៌មានក្លែងក្លាយទាំងនោះ​ អាចនាំឲ្យឈានដល់គ្រោះថ្នាក់ធ្ងន់ធ្ងរ​ ដូចជាការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាជនខាតបង់ពេលវេលា-ថវិកា ឬប៉ះពាល់ដល់ឯកជនភាព ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ បាត់បង់កិត្តិយស ឬអាចបង្កព្យសនកម្មផ្សេងៗ និងអាចប៉ះពាល់អាយុជីវិតទៀតផង។ ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយអាចបង្កឲ្យមានការរើសអើង បង្កអរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់ការធានាសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសន្តិសុខជាតិផងដែរ៕

To Top