កំពង់ចាម៖ លោក យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រោយពីក្រុមការងារធ្វើការផ្ទៀងផ្ទាត់ពី ស្ថានភាពការបញ្ឈប់បន្ទោបង់ពាសវាល ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយទទួលបានលទ្ធផលល្អប្រសើរ ពោលគឺឈានដល់ការប្រកាសខេត្តកំពង់ចាម ជាខេត្តODF ហើយនឹងគម្រោងប្រកាសជាផ្លូវការ នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ។
លោករដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នាឱកាសអញ្ចើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលា ឆ្លុះបញ្ចាំងស្តីពី លទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ ការបន្ទោបងពាសវាល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំង់ចាម ។

លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍បន្តែមទៀតថា ក្រុមការងារចុះផ្ទៀងផ្ទាត់ ODF ថ្នាក់ជាតិ បានបង្ហាញពីស្ថានភាពអនាម័យ និងបរិស្ថាននៅខេត្តកំពង់ចាម មានលក្ខណៈល្អបង្គួរ ជាពិសេសតាមរយៈនៃការចុះផ្ទៀងផ្ទាត់នេះ មិនមានខ្នងផ្ទះណាមួយត្រូវបានរកឃើញថា នៅបន្តបន្ទោបង់ពាសវាលពាសកាលនោះទេ សូម្បីទីតាំងសង្ស័យមួយចំនួនដែលធ្លាប់មានព្រៃ ឬនៅមាត់ទន្លេ មាត់បឹង ក៏គ្មានភស្តុតាងបញ្ជាក់ថា មានការបន្ទោបង់ក្រៅបង្គន់នោះដែរ។ ផ្ទុយទៅវិញតំបន់សង្ស័យទាំងនោះ ប្រែក្លាយទៅជាលំនៅឋានស្អេកស្កះ មានរបៀបរៀបរយ មានទេសភាព សោភ័ណ្ឌភាព អនាម័យ និងបរិស្ថានល្អប្រសើរ ដែលទាំងនេះបង្ហាញឱ្យឃើញថា ខេត្តកំពង់ចាម ស័ក្តសមទទួលបានពានជ័យលាភី ជាខេត្ត ODF យ៉ាងពិតប្រាកដ។

លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម មានប្រសាសន៍ផងដែរថា ដោយយោងលើលទ្ធផល នៃការធ្វើសិក្ខាសាលាបញ្ជាក់ថា យើងបានឯកភាពគ្នា យល់ឃើញដូចគ្នា និងទទួលយកនូវលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ដោយថ្នាក់ជាតិ និងអង្គការដៃគូ ដែលសម្រេច ជូនខេត្តកំពង់ចាម ក្លាយជាខេត្តទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ហើយនឹងគម្រោងប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ។
ទោះខេត្តកំពង់ចាមទទួលបានជ័យលាភីជាខេត្ត ODF ក៏មិនមានន័យថា យើងឈប់ធ្វើការងារលើកកម្ពស់អនាម័យនោះទេ និងត្រូវបន្តគាំទ្រ ជំរុញបន្ថែមទៀតជាពិសេសត្រូវបន្តឱ្យមាននិរន្តរភាព ODF និងឈានទៅឆ្ពោះទៅយក ODF Plus នាពេលខាងមុខ ៕
