ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ បានលើកឡើងថា អស់រយៈពេល៤ថ្ងៃមកនេះ គឺមិនទាន់មានតម្រុយណាមួយ ជាក់លាក់ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវ៉ាញឡើយ ទោះបីជាកងកម្លាំងចម្រុះ បាននិងកំពុងបង្កើន សកម្មភាព យ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការ រុករកកាន់ធំជាងមុនក៏ដោយ ។
លោកបានអះអាងថា ការមិនទាន់មានតម្រុយ ដោយសារនៅតំបន់នោះ មានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់។
នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃ១៦ កក្កដា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបង្ហាញសំណេះយ៉ាងដូច្នេះថា «រហូតដល់ព្រឹកថ្ងៃអង្គារនេះ គឺជាថ្ងៃទី៤ហើយ នៃប្រតិបត្តិការ រុករកឧទ្ធម្ភាគចក្រមួយគ្រឿងដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញពេលហ្វឹកហ្វឺន ខណៈដែលកម្លាំងចម្រុះ កំពុងបង្កើនសកម្មភាពយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន ។ ក្នុងប្រតិបត្តិការរយៈពេល៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយ ជាក់លាក់ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រ នៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់ជាដើម»។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អះអាងបន្តថា កងកម្លាំងនៅតែបន្តខិតខំ និងប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរករុក ហើយថានៅពេលទទួល បានលទ្ធផលណាមួយ នឹងជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ ។
ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ បណ្តាញសង្គមឲ្យមានការប្រុងប្រយ័ត្នក្នុងការចែកចាយដំណឹងណាមួយ ដែលគ្មានប្រភពច្បាស់លាស់ពាក់ព័ន្ធនឹងឧត្ថម្ភាគចក្រ ខណៈថ្មីៗនេះ មានក្រុមទុច្ចរិតមួយចំនួនបានយកករណីនេះ ទៅបំផ្លើស និងប្រឌិតខុសពីការពិត ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
សូមបញ្ជាក់ថា កាលពីថ្ងៃ១២ កក្កដា មានករណីឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9 បានបាត់ចេញពីរាដា (ធ្លាក់) នៅតំបន់ភ្នំជួរក្រវាញ ត្រង់ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ខណៈកំពុងធ្វើការហ្វឹកហ្វឺនដោយចេញពីរាជធានីភ្នំពេញ ទៅកាន់ថ្មដា ។ ក្នុងឧទ្ធម្ភាគចក្រមានមនុស្ស២នាក់ គឺអ្នកបើកបរម្នាក់ និងជំនួយការបើកបរម្នាក់៕