កំពង់ស្ពឺ៖ មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ប្រមាណជា ៤០នាក់ បានចេញប្រតិបត្តិការជួយរុករកយន្តហោះ ដែលបានបាត់ទំនាក់ទំនងនៅជួរភ្នំក្រវ៉ាញ កាលពី១២ ខែកក្កដា ឆ្នាំ២០២៤។

លោក ចាន់ថេត ថានរៈ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ បានឱ្យដឹង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមន្ត្រីឧទ្យានុរក្សទាំង ៤០នាក់ បានចែកជា២កក្រុម
ក្នុងនោះក្រុមទី១ដឹកនាំដោយ លោក សុន សុខលាង ប្រធានការិយាល័យស្តីទី នៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានភារកិច្ចចុះល្បាតឃ្លាំមើល និងរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង នៅចំណុចដំណាក់យាយរីម, ចំណតសេវា, រង្វង់មូលខ្នងស្រល់ និងចំណុចអន្លង់អង្គញ់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។
ចំណែកក្រុមទី២ ដឹកនាំដោយលោក ឡុង ស៊ី និងលោក ខន សាខុន ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវ៉ាញ ជាកម្លាំងល្បាតជួរភ្នំខាងលើ និងស្វែងរកក្នុងតំបន់ជ្រៅៗ។

លោកប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ បានបន្ថែមថា កម្លាំងរុករកនៃមន្ទីរបរិស្ថាន បានប្តេជ្ញាខ្ពស់ក្នុងប្រតិបត្តិការនេះ បើទោះបីដឹងថា ការស្វែងរុករកនោះជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយ។ ទន្ទឹមនោះលោកក៏បានណែនាំដល់មន្ត្រីទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះសុខសុវត្ថិភាពក្នុងបេសកកម្មរុករកនេះ ព្រោះថា ក្នុងព្រៃវាមានសត្វល្អិត និងសត្វដែលមានពិស វាអាចទិច ឬខាំក្នុងប្រការណាមួយដែលយើងដើរទៅប៉ះវា។

ម្យ៉ាងវិញទៀត ត្រូវបង្កើនសកម្មភាពរុករកឱ្យបានផុលផុសនិងប្រចាំរហូតដល់ការរុករកនោះទទួលបានផ្លែផ្កា និយាយជារួមគឺ បានឃើញឧទ្ធម្ភាគចក្រដែលបានបាត់ខ្លួននោះ៕
ដោយ:សុខ សុភ័ណ្ឌ
