ព័ត៌មានជាតិ

កម្ពុជា-ចិន អបអរសាទរការបញ្ចប់គម្រោង លុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ និងចុះ MOU លើការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម

ភ្នំពេញ៖ កម្ពុជា-ចិន បានអបអរសាទរការបញ្ចប់គម្រោងលុបបំបាត់ ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង និង អបអរសាទរពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមូលនិធិ GX និងក្រសួងសុខាភិបាលកម្ពុជា ស្តីពីគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ (២០២៤-២០២៦)។

កម្មវិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ កក្កដា ដោយមានការអញ្ជើញចូលរួម ជាអធិបតីពីសំណាកលោកបណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក លឺង ជុនយ៉ីង (LEUNG Chun Ying) ប្រធានមូលនិធិ GX និងជាអនុប្រធាន គណៈកម្មាធិការជាតិនៃ ក្រុមប្រឹក្សានយោបាយប្រជាជនចិន លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមទាំងលោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ។

ពិធីបិទបញ្ចប់គម្រោងលុបបំបាច់ ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង ធ្វើឡើងបន្ទាប់ពីការអនុវត្តគម្រោងអស់រយៈពេល ១៨ខែ ប្រកបដោយលទ្ធផលគួរជាទីមោទក។ គម្រោងនេះបានផ្តល់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយដោយ ឥតគិតថ្លៃដល់ប្រជាជននៅខេត្តព្រៃវែង និងបណ្តាខេត្តជុំវិញចំនួន៣៨៩១ករណី និងពិនិត្យព្យាបាលបញ្ហា សុខភាពភ្នែកផ្សេងៗទៀតចំនួន៥៣៦៧នាក់។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation ក៏បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ ។ គម្រោងនេះមានគោលបំណងទប់ស្កាត់ និងគ្រប់គ្រងហានិភ័យបណ្តាល មកពីការរាតត្បាតនៃជំងឺគ្រុនឈាម ដែលនេះជាការឆ្លើយតបនឹងអាទិភាព ចម្បងលើកាប្រយុទ្ធនិងបង្ការជំងឺរាតត្បាត ព្រមទាំងពង្រឹងប្រព័ន្ធសេវាសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាព គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចបានការ គ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

To Top