ភ្នំពេញ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ក្រុមការងាររុករក និងសង្គ្រោះ មិនទាន់អាចបញ្ជូនសាកសព អាកាសយានិកទាំង២រូប តាមឧទ្ធម្ភាគចក្រ មកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំង។
តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិ នៅថ្ងៃទី៣០ កក្កដាបានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទីព្រឹកនេះ ក្រុមការងាររុករករបស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ គឺអាកាសយានិក ស៊ុន ផល្លា ដែលនៅចម្ងាយ ២១០ម៉ែត្រ ពីឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រោយរកឃើញ ក្រសួងបញ្ជាក់ថា «ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចបញ្ជូនសាកសព តាមឧទ្ធម្ភាគចក្រមកកាន់ ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ»។
ក្រសួងការពារជាតិ ក៏បានកោតសរសើរដល់ ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងអាកាស កងទ័ពជើងគោក យោធភូមិភាគទី៥ គណៈបញ្ជាការខេត្តដែលបានបំពេញភារកិច្ច ក្នុងប្រតិបត្តិការរុករក និងសង្រ្គោះនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពអង់អាច។
ជាមួយការជូនដំណឹងនេះ ក្រសួងការពារជាតិចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព។ ការពលីជីវិតរបស់អាកាសយានិក ទាំង២រូបនេះ គឺជាការបាត់បង់នូវធនធានមនុស្សរបស់ កងយោធពលខេមរភូមិន្ទជាពិសេស កងទ័ពជើងអាកាស ដែលគួរឲ្យសោកស្តាយបំផុត៕