ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា ណែឱ្យទទួលយកប្រាក់ដុល្លារ ចាស់ ឬប្រឡាក់ ដោយមិនគិតកម្រៃសេវាពីអតិថិជន

ភ្នំពេញ ៖ យោងតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក ដែលចាស់ ឬប្រឡាក់ ដោយមិនមានគិតកម្រៃសេវាពីអតិថិជន នៅទូទាំងប្រទេស។

ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទូទាំងព្រះរាជាណាចក្រកម្ពុជានូវវិធានការបន្ទាន់ ដូចជា ៖ តម្រូវឱ្យទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ចាស់ ឬប្រឡាក់ ដោយមិនទាមទាររក កម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសប្រាក់នោះជាក្រដាសប្រាក់ក្លែងក្លាយ ឬ បាត់បង់ អត្តសញ្ញាណ ដែលមិនអាចទទួលស្គាល់បាន, តម្រូវឱ្យដកហូតនូវរាល់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយទាំងអស់ ដោយពុំមាន សំណង និងបញ្ជូនមកធនាគារជាតិនៃកម្ពុជា។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មិនមែនជាអាជ្ញាធរបោះពុម្ព និងដាក់ឱ្យចរាចរនូវក្រដាស ប្រាក់ដុល្លារអាមេរិកនោះឡើយហើយក៏មិនមានសិទ្ធិក្នុងការកាត់ ដុតក្រដាសចាស់ ទក់ រហែក ដើម្បីជំនួស ដោយក្រដាសប្រាក់ថ្មី ដូចក្រដាសប្រាក់រៀលនោះទេ។

ធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការជាមួយ ក្រុមហ៊ុនដឹកជញ្ជូន និងបង់សេវាធានារ៉ាប់រង ដើម្បីដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកទាំងនោះ តាមរយៈធនាគារដៃគូ ដែលមានសិទ្ធិផ្ទាល់ ឬ ដោយប្រយោលជាមួយធនាគារកណ្តាលអាមេរិក និងជាគ្រឹះស្ថានដែលជាអ្នកកំណត់លក្ខណៈវិនិច្ឆ័យលើក្រដាសប្រាក់ដែលទទួលបាន។ ចំពោះការដឹក ជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកថ្មីចូលមកកម្ពុជាវិញ ក៏ត្រូវមានការបង់សេវាដឹកជញ្ជូន ធានារ៉ាប់រង និងកម្រៃជើងសារផ្សេងៗ ដែលជាបន្ទុករបស់ធនាគារជាតិនៃកម្ពុជាទោះបីមិនមែនជាកាតព្វកិច្ចដែល មានចែងក្នុងច្បាប់ក៏ដោយ ដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ចូលរួមប្រើប្រាស់ប្រាក់រៀលខ្មែរ ដែលជា រូបិយវត្ថុជាតិឱ្យបានកាន់តែច្រើនឡើង ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយភាពធន់៕

To Top