ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យង្កើតក្រុមការងារមួយ ដោយចាត់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើជាប្រធាន ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ទៅលើក្រុមហ៊ុនឯកជន ដែលទទួលម៉ៅការសាងសង់លូ ប្រឡាយ រំដោះទឹក ឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយការធ្វើរបាយការណ៍ ពីវឌ្ឍនភាពការងារ មករដ្ឋបាលរាជធានីភ្នំពេញ ២សប្តាហ៍ ម្តង។

ការណែនាំរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើង ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុវត្តគម្រោង វិនិយោគហេដ្ឋារចនា សម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងរំដោះទឹកលិច ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ គម្រោងនេះនឹងប្រើប្រាស់ពេលវេលា ស្ថាបនាឡើង ក្នុងរយៈពេល៥ឆ្នាំ ដែលមានចំនួន៥០គម្រោង សំរាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានជំរុញ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកអស់កម្លាំងកាយចិត្ត អនុវត្តឱ្យបានជោគជ័យ ពោលគឺយ៉ាងហោចណាស់២សប្តាហ៍ ត្រូវធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារនេះ មករដ្ឋបាលរាជធានីភ្នំពេញម្តង។

ក្នុងនោះដែរ លោកអភិបាល ក៏បានណែនាំដល់ក្រុមហ៊ុនទាំងអស់ ដែលទទួលអនុវត្តការងារ គម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវ តាមកិច្ចសន្យារបស់ខ្លួនពីពោះក្រុមហ៊ុន សុទ្ធតែបានដេញថ្លៃ នៅក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុផ្ទាល់។
លោកអភិបាលរាជធានី អះអាងថា “ក្រោយគម្រោងនេះបានបញ្ចប់ យើងអាចដេកលក់ស្រួល នៅពេលភ្លៀងធ្លាក់ម្តងៗ”។

គម្រោងរំដោះទឹកលិច ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នេះ មានចំនួន៥០គម្រោង ដោយគម្រោងដែលត្រូវអនុវត្ត មានចំនួន២៨ គម្រោងនិង១៥គម្រោងទៀត កំពុងដោះស្រាយផលប៉ះពាល់ ពិសេស (តំបន់បឹងត្របែក)។ចំណែក៧គម្រោងទៀត ស្ថិតក្នុងគម្រោងបញ្ជាទិញ មិនទាន់មកដល់។

ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋបានលើកឡើងថា ក្នុងគម្រោងដែលកំពុងអនុវត្តទាំង២៨គម្រោងនេះ បានចាប់ផ្តើមអនុវត្តការងារកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ គិតមកដល់ពេលនេះ មានរយៈពេល៩៧ថ្ងៃហើយ ដោយជាលទ្ធផល សម្រេច បានចំនួន១២,១៧% ហើយក្នុងផែនការ ផ្តោតសំខាន់លើតំបន់៤ធំៗ ដែលត្រូវធ្វើឱ្យប្រសើរឡើង នៅក្នុងនោះទី១ តំបន់បឹងទំពន់និងបឹងសាឡាង ទី២ តំបន់បឹងត្របែក ទី៣ តំបន់ខាងត្បូងឆៀងខាងកើតប្រលានយន្តហោះភ្នំពេញនិងទី៤ តំបន់ខាងជើងរាជធានីភ្នំពេញ៕







