ភ្នំពេញ ៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ សីហា នេះ បញ្ជាក់ថា «ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក-លោកស្រី ជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាល សម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤»។
ក្រសួងទេសចរណ៍ ក៏បានជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ដែលមានអាជ្ញាបណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាតនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត៕