ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម(ARDB) បានអញ្ជើញ សំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សបំប៉ន ត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យហ៊ុនសែនខ្សាច់កណ្តាល នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ។

សម្រាប់វត្តមាន អញ្ជើញចូលរួមរបស់ បណ្ឌិត កៅ ថាច បានធ្វើឲ្យគណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សំដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត នាឱកាសដ៏មានតំលៃ និងមមាញឹក ចូលរួមក្នុងពិធីនេះ។

ជាមួយគ្នានេះបណ្ឌិត កៅ ថាច ក៏បានលើកឡើងពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍ CLV-DTA និងសូមជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល សូមចូលរួម គាំទ្រយ៉ាងពេញទំហឹង លើកិច្ចសហប្រតិបត្តិការនេះ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីរយៈពេល២៥ឆ្នាំហើយ ។

ជាមួយគ្នានោះលោកបណ្ឌិត បានសំណូមពរដល់សិក្សានុសិស្សទាំងនៅក្នុងស្រុកខ្សាច់កណ្ដាល ត្រូវជៀងជាក់លើរាជរដ្ឋាភិបាលយើង ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូម កុំចាញ់បោកការញុះញង់ពីក្រុមប្រឆាំងមួយក្តាប់តូចដែលប៉ុនប៉ង មកបំផ្លាញសុខសន្តិភាពនៅកម្ពុជាយើង។

សូមជម្រាបថា ជាលទ្ធផលប្រឡងសញ្ញា ប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិ កា ២០២៣ របស់វិទ្យាល័យហ៊ុនសែនខ្សាច់កណ្តាល សិស្សទៅប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៣៥៧នាក់ ស្រី២០៣ ប្រឡងជាប់ ២៦៦ នាក់ ស្មើ៧៤,៥០% ស្រី១៥៥នាក់ ស្មើ៧៦,៣៥%។

ក្នុងនោះនិទ្ទេស A = ៣នាក់ ស្រី០នាក់, និទ្ទេស B = ១២នាក់ ស្រី ៥នាក់, និទ្ទេស C = ៤៦នាក់ ស្រី១៩នាក់, និទ្ទេស D =៩៩នាក់ ស្រី៦៦នាក់, និទ្ទេស E =១០៦នាក់ ស្រី៦៥នាក់, និទ្ទេស F =៩១នាក់ ស្រី៤៨នាក់ ៕


