ព័ត៌មានជាតិ

ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី អះអាងថាទស្សនកិច្ចរយៈពេលខ្លី មកកាន់កម្ពុជាដើម្បីបង្កើនមិត្តភាព និងពង្រឹងទំនាក់ទំនង ប្រទេសទាំងពីរ

រូបភាព៖ SHS MEDIA

ភ្នំពេញ៖ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី បាន អះអាងថាទស្សនកិច្ចរយៈពេលខ្លី មកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីបង្កើនមិត្តភាព និងពង្រឹងទំនាក់ទំនង ប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានស្នើគោរពអញ្ជើញ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ចូលរួមក្នុងឱកាសដែលលោកចូលកាន់មុខតំណែង ជាប្រធាប្រធានាធិបតីនា នៅថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។

ជាការឆ្លើយតប សម្តេចតេជោប្រមុខរកស្ដីទី បានទទួលយកការអញ្ជើញ ហើយនឹងផ្ដល់ជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីទៅចូលរួម ហើយក្នុងករណីសម្តេចធិបតីជាប់ភារកិច្ច សម្តេចនឹងអញ្ជើញទៅចូលរួម។

លោកប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានកោតសរសើរនិងចាត់ទុកសម្ដេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជា បានល្អប្រសើរ ជាពិសេសក្នុងពេលដែលប្រទេសជួបនូវភាពស្មុគស្មាញ និងបានកសាងអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកក៏បានរៀនសូត្រច្រើន ពីការដឹកនាំរបស់សម្ដេចតេជោ ហើយក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា លោកសង្ឃឹមថា នឹងធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបានបញ្ជាក់ថា ទស្សនកិច្ចរយៈពេលខ្លី របស់លោកមកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីបង្កើនមិត្តភាព និងពង្រឹងទំនាក់ទំនង រវាងសាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែប្រសើរបន្ថែមទៀត។

លោកបានបង្ហាញបំណង ពីការបន្តនូវកិច្ចសហប្រតិបត្តិការ ខាងផ្នែកសេដ្ឋកិច្ច និងវិស័យជាច្រើនទៀតរួមទាំងការបណ្ដុះបណ្ដាល ធនធានមនុស្ស និងចង់ឱ្យយុវជនកម្ពុជា ទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ី។

លោកក៏មានបំណងពង្រីកបន្ថែមទៀត នៅវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ និងបង្កើនជើងហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៃប្រទេសទាំងពីរ ដែលនឹងសម្រួលដល់ការផ្លាស់ប្ដូរ ការធ្វើដំណើររបស់ប្រជាជន និងប្រជាជន។ លោកបានប្តេជ្ញាថា នៅក្នុងពេលលោកក្លាយជាប្រធានាធិបតី នៅពេលខាងមុខ នឹងបន្តនូវចំណងទាក់ទងមិត្តភាព ជាមួយកម្ពុជាឲ្យកាន់តែប្រសើរឡើង បន្ថែមទៀត៕

To Top