ព័ត៌មានជាតិ

សម្តេចធិបតី លើកទឹកចិត្តដល់ក្រុមហ៊ុន HONDA​ ពិនិត្យលទ្ធភាពផលិតគ្រឿងបង្គុំ នៅកម្ពុជាឱ្យបានច្រើន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាល បន្តគាំទ្រដល់ក្រុមហ៊ុន HONDA MOTOR CO., LTD នៅកម្ពុជា និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនពិនិត្យលទ្ធភាព ផលិតគ្រឿងបង្គុំក្នុងប្រទេសកម្ពុជា ឱ្យបានច្រើនថែមទៀត ។

ក្នុងឱកាសអនុញ្ញាតិ ឱ្យលោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះវឌ្ឍនភាព និងជោគជ័យរបស់ក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅតាមបណ្ដាប្រទេសលើពិភពលោក ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្ត បណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជាក្នុងរយៈពេល ២៥ ឆ្នាំមកនេះ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា តាមរយៈការបង្កើនសមត្ថភាពជំនាញ ជូនប្រជាពលរដ្ឋកម្ពុជា និងការបង្កើតការងារ ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីការផ្ដោតយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលដោយបានដាក់ចេញ នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តមួយចំនួន ចំពោះការវិនិយោគលើការបង្កើតរោងចក្រដំឡើង និងផលិតយានយន្តនៅកម្ពុជា។

ក្នុងនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា​ ចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនពិនិត្យលទ្ធភាព ផលិតគ្រឿងបង្គុំក្នុងប្រទេសកម្ពុជា ឱ្យបានច្រើនថែមទៀត។

ក្នុងនោះដែរ លោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៃក្រុមហ៊ុន HONDA MOTOR CO., LTD.​ បានសម្ដែងនូវការកោតសរសើរ​ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដោតការយកចិត្តទុកដាក់ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងជួយសម្របសម្រួល ឱ្យក្រុមហ៊ុនទទួលបានជោគជ័យ ដូចពេលបច្ចុប្បន្ននេះ។

លោកនាយកប្រតិបត្តិ បានប្ដេជ្ញាចិត្តក្នុងអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល និងបន្ដកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានជម្រាបជូនអំពីផែនការពង្រីកការវិនិយោគ​ និងអាជីវកម្មបន្ថែមទៀតរបស់ក្រុមហ៊ុន​នៅកម្ពុជា៕

To Top