ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ ក្នុងឱកាស នៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ។ ក្នុងជំនួបនេះភាគីទាំងពីរ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឱ្យកាន់តែខ្លាំងក្លាទៀត។

ក្នុងឱកាសនៃជំនួប លោកស្រី នាយករដ្ឋមន្រ្តី បានកត់សម្គាល់ដោយក្តីរីករាយ នូវភាពរីកចម្រើន ថែមទៀតនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចបវរធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈឆ្នាំ ២០២៤ ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ថៃ ដែលត្រូវបានដំឡើង ដល់កម្រិតភាពជាដៃគូ យុទ្ធសាស្ត្រ ក្នុងឆ្នាំ២០២៤នេះ។
សម្តេចបវរធិបតី និងលោកស្រី នាយករដ្ឋមន្រ្តី បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន៖ ការចាប់ផ្ដើមឡើងវិញនូវកិច្ចប្រជុំយន្តការ ទ្វេភាគីមួយចំនួន ការសិក្សាអំពីលទ្ធភាព នៃការបង្កើត តំបន់សេដ្ឋកិច្ចពិសេស បំពេញគ្នាទៅវិញទៅមក ការតភ្ជាប់រវាងប្រជាជន និងប្រជាជន វិស័យទេសចរណ៍ វិស័យការពារជាតិ និងសន្តិសុខ ជាដើម។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែខ្លាំងក្លា និងប្រគល់ជូន ក្រសួងការ បរទេស នៃប្រទេសទាំងពីរ ដើម្បីសម្របសម្រួល កិច្ចពិភាក្សាបន្ត ពាក់ព័ន្ធនឹងប្រធានបទខាងលើ ព្រមទាំងរៀបចំ ឱ្យមានសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ នាឆ្នាំ២០២៥៕
