ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤)។
សូមរំលឹកជូនផងដែរថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដី ចេញពីអាណានិគមបារាំង ដែលបានដាក់អាណានិគមន៍លើដែនដីកម្ពុជា អស់រយៈពេល ៩០ឆ្នាំ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣) ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៕