ភ្នំពេញ៖ នៅចំពោះមុខតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថាកម្ពុជា មិនមែននៅតែឯងនោះទេ បញ្ហាប្រឈមរបស់ពិភពលោកទាំងរឿងកូវីដ បញ្ហាសង្រ្គាម គឺសុទ្ធតែជះឥទ្ធិពលមកដល់កម្ពុជា។
ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី ថូហ្វីកា ហ៊ុក តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ក៏បានបង្ហាញពីការសោកស្តាយ ដែលសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនក្នុងរង្វង់៧% អស់រយៈពេលជាង ២ទសវត្សរ៍ ត្រូវរងផលប៉ះពាល់ពីបញ្ហាកូវីដ និងបញ្ហាប្រឈមដទៃទៀត របស់ពិភពលោក។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ទោះស្ថិតនៅក្នុងសេណារីយោអាក្រក់បំផុត របស់ពិភពលោកបែបណាក៏ដោយ ប្រទេសកម្ពុជា នឹងមិនខ្វះស្បៀង ឬអង្ករដាច់ខាត ហើយប្រទេសសមាជិកអាស៊ាន ក៏នឹងមិនខ្វះអង្ករឡើយ ព្រោះប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា គឺជាប្រទេសផលិតស្បៀង។ ទោះបីកម្ពុជា មានសន្តិសុខស្បៀង តែខ្វះសន្តិសុខថាមពល ដូច្នេះប្រទេសក្នុងអាស៊ាន ក៏អាចបំពេញបញ្ហាថាមពលនេះ ដល់កម្ពុជាវិញផងដែរ ដែលចំណុចនេះសម្តេចតេជោ បានលើកយកមកពិភាក្សា ជាមួយអគ្គរដ្ឋទូតទីម័រឡេស្តេ៕