ភ្នំពេញ ៖ បន្ទាប់ពីមានការផ្ទុះឡើង នៅមតិលើកឡើងរបស់ក្រុមប្រឆាំងក្រៅស្រុក ជុំវិញបញ្ហាព្រំដែន ជាពិសេសថ្មីៗនេះ ផ្តោតទៅលើការចរចាព្រំដែនសមុទ្រ លើកោះគុត រវាងកម្ពុជា និងថៃនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមកុំចូលរួម ជាមួយនឹងចលនា និងការបំផុសបែបណា ដែលធ្វើឱ្យបែកបាក់សាមគ្គីឯកភាពជាតិ ហើយជាពិសេសធ្វើឱ្យវឹកវរក្នុងសង្គម ។
ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៥ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “អ្វីដែលខ្ញុំនិយាយ គឺការធារនូវសុខដុមរនាកម្ម ផ្អែកទៅលើព័ត៌មានពិត កុំជំរុញនូវព័ត៌មានក្លែងក្លាយ Fake News ជំរុញនៅក្នុងការប៉ះបោល ហើយជាពិសេសបំផុសចលនាអ្វីមួយ ដែលធ្វើសកម្មភាពខុសច្បាប់ ដូចថ្ងៃ១៨សីហាកន្លងទៅ។ ខ្មែរសង្គ្រាម៥០០ឆ្នាំហើយ សូមតែមួយសុខ កុំឱ្យវេទនា សុំតែពេលអុំទូក ពេលចូលឆ្នាំ មិនថាឆ្នាំចិន ឆ្នាំខ្មែរ ឆ្នាំណូអែល គ្រីស្ទាននោះទេ យើងអាចអបអរសាទរ ជាមួយគ្នាបាន មិនថាបក្សណាៗ ឬពួកណា ត្រូវនៅជាមួយគ្នា ដើម្បីកុំឱ្យទំនាស់ផ្ទៃក្នុងយើងកើតមាន ចឹងការព្យាយាមរកដាក់ នយោបាយចូលនៅក្នុងរឿង ដូចចរចា OCA ទាញទៅរឿងព្រំដែនអីនេះ ជាការងារគ្រោះថ្នាក់” ។
ក្នុងនោះសម្តេចធិបតី បានអំពាវនាវថា “ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋរបស់យើង សូមឱ្យមានជំហរច្បាស់លាស់ យល់ច្បាស់អំពីបុព្វហេតុ អំពីការខិតខំរបស់រាជរដ្ឋាភិបាល នៅក្នុងការការពារ ផលប្រយោជន៍ជាតិ មិនថាការចរចារឿង OCA ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ការការពារបូរណភាពទឹកដី ទាំងដែនទឹក ដែលគោករបស់យើង នៅក្នុងការការពារ និងដោះស្រាយបញ្ហា ជំរុញទៅដល់ការសហការអភិវឌ្ឍប្រទេស និងសហប្រតិបត្តិការល្អជាមួយមិត្ត នេះគឺជាជំហររបស់រាជរដ្ឋាភិបាល រដ្ឋាភិបាល បានដាក់គោលការណ៍នេះ រាប់សិបទស្សវត្តមកហើយ ហើយនឹងបន្តធ្វើទៅទៀត ដើម្បីផលប្រយោជន៍ប្រជាជនទាំងអស់គ្នា” ។
ក្នុងនោះសម្តេចធិបតី បានសង្កត់ថា “សូមកុំចូលរួម ជាមួយនឹងចលនា និងការបំផុសបែបណា ដែលធ្វើឱ្យបែកបាក់សាមគ្គីឯកភាពជាតិ ហើយជាពិសេសធ្វើឱ្យវឹកវរក្នុងសង្គម”៕