ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់អនុប្រធាន សាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន សុំបញ្ជូនកម្មសិក្សាការី របស់កម្ពុជា មកសិក្សានៅសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងបញ្ជូនគ្រូឧទ្ទេសនាម ព្រមទាំងអ្នកជំនាញ របស់ចិន ទៅធ្វើបទបង្ហាញនៅកម្ពុជាផងដែរ។

ការស្នើសុំរបស់សម្តេចតេជោនេះ នៅព្រឹកថ្ងៃ៣ ធ្នូ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចនៅសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សម្ដេចតេជោបានកោតសរសើរ ចំពោះការបណ្ដុះបណ្ដាលមន្ត្រីគណបក្សថ្នាក់ជាតិ ហើយសម្ដេចតេជោ ក៏បានចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវ ជូនថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេសសម្រាប់រៀបចំមហាសន្និបាត របស់គណបក្ស និងសម្រាប់ធ្វើជាខ្លឹមសារបង្រៀន បោះពុម្ពជាសៀវភៅ និងអត្ថបទ សម្រាប់ធ្វើការផ្សព្វផ្សាយ។

លើការសិក្សាស្រាវជ្រាវ នេះ សម្ដេចតេជោបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនកិច្ច រវាងសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ជាមួយនឹង គណបក្ស ប្រជាជនកម្ពុជា តាមរយៈការបញ្ជូនកម្មសិក្សាការី របស់កម្ពុជាមកសិក្សានៅសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននេះ និងបញ្ជូនគ្រូឧទ្ទេសនាម ព្រមទាំងអ្នកជំនាញ របស់ចិនទៅធ្វើបទបង្ហាញ នៅកម្ពុជា ។
ឆ្លៀតឱកាសនេះផងដែរ សម្ដេចតេជោក៏បានអញ្ជើញ លោក ស៊ី ឈុនតាវ អនុប្រធានសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិន ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ពេលខាងមុខតាមពេលវេលាសមស្រប ។

សម្រាប់លោក ស៊ី ឈុនតាវ បានទទួលការអញ្ជើញ របស់សម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលខាងមុខ ។ អនុប្រធានសាលាគណបក្សនេះ បានសម្ដែង នូវការពេញចិត្តចំពោះកិច្ចពិភាក្សាផ្លាស់ប្ដូរ ជាមួយ សម្ដេចតេជោ ហើយជាថ្មីម្ដងទៀត លោកបានគូបញ្ជាក់ថា ទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈប្រតិភូ នៅសាលាគណបក្ស នៃមជ្ឈិមបក្សកុម្មុនីសចិន នាពេលនេះ គឺជាការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ក្នុងការបណ្ដុះបណ្ដាលមន្ត្រីគណបក្សនិងការ សិក្សាស្រាវជ្រាវ ។

សូមបញ្ជាក់ថា សាលាគណបក្សនេះមានកិច្ចសហប្រតិបត្តិការ ជាមួយនឹងស្ថាប័នជាដៃគូចំនួន១៦៤ ប្រទេសរួមទាំងកម្ពុជាផងដែរ និងអង្គការអន្តរជាតិចំនួន២១៕

