ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចថា ប្រសិនបើគ្មានសន្តិភាព ស្ថេរភាព និងទំនាក់ទំនងអន្តរសាសនា ប្រកបដោយភាពសុខដុម យើងមិនអាចនិយាយបានឡើយ អំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសេរីភាពសាសនានោះទេ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអគ្នេយ៏ និង ប៉ាស៊ីហ្វិក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង កម្ពុជា បានទទួលស្គាល់អំពីស្នាដៃ និងសមត្ថភាពចូលរួមចំណែកកសាសសង្គមជាតិ ពីបណ្តាលបងប្អូនឥស្លាមគ្រប់រូប ហើយថែមទាំងទទួលស្គាល់ទៀតថា បងប្អូនឥស្លាមគឺជាសមាសភាព និងសមាជិកប្រកបដោយការទទួលខុសត្រូវ នៅក្នុងសង្គមជាតិខ្មែរ ដែលស្មោះស្ម័គ្រនៅក្នុងបេសកកម្មរួម នៅក្នុងការថែរក្សាសន្តិភាព និងស្ថេរភាពសង្គម ។
ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “បងប្អូនខ្មែរឥស្លាមយល់ច្បាស់ថា ប្រសិនបើគ្មានសន្តិភាព ស្ថេរភាព និងទំនាក់ទំនងអន្តរសាសនា ប្រកបដោយភាពសុខដុម យើងមិនអាចនិយាយបានឡើយ អំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសេរីភាពសាសនានោះទេ” ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមទៀតថា “បងប្អូនឥស្លាមក៏បានយល់យ៉ាងច្បាស់ ដែលមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះការប្រយុទ្ធប្រឆាំង និងលទ្ធិជ្រុលនិយមទាំងក្នុងសកម្មភាពនយោបាយ និងសាសនា ដែលតែងតែជំរុញ ឱ្យមានការបែងចែក និងបែកបាក់សង្គម កំហឹងនិងការរើសអើង និងការប្រើហិង្សា”៕