ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យភាគីអៀរឡង់ ពិចារណាបង្កើនជំនួយ ODA តាមរយៈការផ្តល់ជំនួយជាកម្ចីការប្រាក់ទាប និងប្រើប្រាស់បច្ចេកវិទ្យាទំនើប សម្រាប់សហគមន៍កសិកម្មទំនើប។
ការលើកឡើងរបស់ លោករដ្ឋមន្ត្រី ឌិត ទីណា នាឱកាសទទួលជួបសម្តែងការគួរសមជាមួយ លោក Noel Grealish រដ្ឋមន្រ្តីក្រសួងកសិកម្ម ចំណីអាហារ និងសមុទ្រនៃសាធារណរដ្ឋអៀរឡង់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនៃជំនួប លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះកិច្ចពិភាក្សាការងារ ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ដោយមើលឃើញពីសក្តានុពលនៃការបន្សុីគ្នារវាងសហគមន៍កសិកម្មទំនើបនៃកម្ពុជា និងអៀរឡង់ លោក រដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីអៀរឡង់ ពិចារណាបង្កើនជំនួយ ODA តាមរយៈការផ្តល់ជំនួយជាកម្ចីការប្រាក់ទាប និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សហគមន៍កសិកម្មទំនើប ដែលជាតម្រូវការសំខាន់សម្រាប់ការផលិតរួមគ្នា ដើម្បីកាត់បន្ថយថ្លៃដេីមនិងជួយឲ្យផលិតផលកសិកម្មទទួលបានតម្លៃបន្ថែមខ្ពស់ ទ្រទ្រង់ការប្រែប្រួលអាកាសធាតុ និងជំរុញការនាំចេញកសិកម្មផងដែរ។

ពាក់ព័ន្ធនឹងការងារធនធានមនុស្ស លោករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សានៅប្រទេសអៀរឡង់។ សិស្សនិងនិស្សិតដែលទទួលអាហារូបករណ៍ នឹងទទួលបានឱកាសក្នុងការពង្រឹងសមត្ថភាពផ្នែកភាសា កុំព្យូទ័រ និងទំនាក់ទំនង។
លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យផ្តល់អាហារូបករណ៍សម្រាប់គ្រូបង្រៀន ដែលជាជនបង្គោលក្នុងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម និងមានផលវិជ្ជាមាននៃការអភិវឌ្ឍ។ លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានផ្តោតលើការផ្លាស់ប្តូរសិស្ស-និស្សិត ដើម្បីធានាថាធនធានមនុស្សមានសមត្ថភាព និងសម្របសម្រួលជាមួយតម្រូវការបច្ចុប្បន្ន៕
