ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូង ខេត្តសៀមរាប បានច្រានចោល ចំពោះមតិសាធារណជន ដែលបានលើកឡើងថា ម្ចាស់បំណុលត្រូវ បានជាប់ពន្ធនាគារ ដោយមិនបានទទួល បានការសង់លុយ ពីកូនបំណុលជារឿងមិនត្រឹមត្រូវនោះទេ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូង ខេត្តសៀមរាប នាថ្ងៃ១០ មេសានេះ ស្តីពី ករណីសំណុំរឿង រវាងឈ្មោះ ចិន ស្រីដា ឈ្មោះ សម្បត្តិ កុសល និងឈ្មោះ រាំង ភិរម្យ ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា “ដូច្នេះការលើកឡើងថា ម្ចាស់បំណុលមិន បានទទួលការសងប្រាក់ពីកូនបំណុល ហើយបែរជាម្ចាស់ បំណុលត្រូវជាប់ពន្ធនាគារ” គឺជាការលើកឡើង មិនត្រឹមត្រូវនោះទេ ព្រោះថាការជាប់ពន្ធនាគាររបស់ ឈ្មោះ ចិន ស្រីដា គឺជាការទទួលខុសត្រូវក្នុងរឿងក្តីព្រហ្មទណ្ឌ និងការលើកឡើងថា ការប្តឹងមកតុលាការមិន ទទួលបានដំណោះស្រាយនោះ ក៏ពុំមែនជាការពិតដែរ ព្រោះសាលាដំបូងខេត្តសៀមរាប មិនដែលទទួល បានបណ្តឹងទាមទារប្រាក់ ពីឈ្មោះ ចិន ស្រីដា ឡើយ” ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូង ខេត្តសៀមរាបនេះ ក៏បានរៀបរាប់ពីដំណើររឿង ក្នុងសំណុំរឿងម្ចាស់បំណុល និងកូនបំណុលដែលមានអ្នកពាក់ព័ន្ធឈ្មោះ ចិន ស្រីដា ឈ្មោះ សម្បត្តិ កុសល និងឈ្មោះ រាំង ភិរម្យ ។

ការលើកឡើងថាមិនត្រឹមត្រូវ របស់តុលាការខេត្តសៀមរាបនេះ ព្រោះសំអាងទៅលើថា ការជាប់ពន្ធនាគាររបស់ ឈ្មោះ ចិន ស្រីដា គឺជាការទទួលខុសត្រូវ ក្នុងរឿងក្តីព្រហ្មទណ្ឌ ។
ការបកស្រាយ របស់អ្នកនាំពាក្យ តុលាការខេត្តសៀមរាបនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ ពីអ្នកលេងបណ្តាញ សង្គំហ្វេសប៊ុក អំពីករណីស្រ្តីឈ្មោះ ចិន ស្រីដា ដែលជាម្ចាស់បំណុលត្រូវជាប់ពន្ធនាគារ ដោយសារបុរសម្នាក់ឈ្មោះសម្បត្តិ កុសល ជាប្តីរបស់ស្រ្តី ឈ្មោះរ៉ាំង ភិរម្យ ជាប្រពន្ធមកខ្ចីលុយពីឈ្មោះ ចិន ស្រីដា ហើយមិនព្រមសង ហើយឈ្មោះ ចិន ស្រីដាក៏បានសរសេរ សារគំរាម ទៅលោកសម្បត្តិ កុសលដែលត្រូវជាប្តី ដើម្បីបង្ហោះជាសាធារណៈ ។ បន្ទាប់ពីទទួលបានសារបែបនេះហើយ លោកក៏បានដាក់ពាក្យបណ្តឹង ទៅតុលាការខេត្ត ។
លោកសម្បត្តិ កុសល ត្រូវ បានគេដឹងថា ជាស្នងការរង ខេត្តបន្ទាយមានជ័យ ។
ស្របពេលមានការប្តឹង ផ្តល់ទៅដល់តុលាការ របស់លោកសម្បត្តិ កុសលនេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ពីស្នងការរងខេត្តបន្ទាយមានជ័យ មកបម្រើការងារ នៅនាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិ ៕


