ព័ត៌មានជាតិ

ក្រសួងសង្គមកិច្ច ប្រារព្ធពិធីទិវាជនមានពិការភាព អូទីស្សឹម និងដោនស៊ីនដ្រូម

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំកម្មវិធីអបអរសាទរ ទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម លើកទី១២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម» ក្រោមអធិបតីភាព លោក ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកស្រី ជា ផល្គុន។

លោក អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើរបាយការណ៍ជូនអង្គពិធីថា នៅលើពិភពលោក បានកំណត់យកថ្ងៃទី២ ខែមេសា ជារៀងរាល់ឆ្នាំ ប្រារព្ធទិវាអូទីស្សឹម ដើម្បីបង្ហាញពីការយល់ព្រមទទួលយកកការគាំពារ ការជំរុញ ការគោរពសិទ្ធិមនុស្ស រួមទាំងការធ្វើបរិយាបន្នជនមានពិការភាពអូទីស្សឹម។

សម្រាប់កម្ពុជា ទិវានេះតែងតែប្រារព្ធធ្វើរួមគ្នារវាងអូទីស្សឹម ដោនស៊ីនដ្រូម និងជនមានពិការភាពខ្សោយសតិបញ្ញាដទៃទៀត ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសិទ្ធិរបស់ជនមានពិការភាពដែលមានវិបត្តិប្រព័ន្ធសរសៃប្រសាទ ក៏ដូចជាការជំរុញឱ្យក្រុមគ្រួសារ សហគមន៍ និងអ្នកពាក់ព័ន្ធនានា យល់ដឹងអំពីបញ្ហាអូទីស្សឹមនិងដោនស៊ីនដ្រូម និងជំរុញការយកចិត្តទុកដាក់ពី មាតា បិតា អាណាព្យាល ក្នុងការមើលថែទាំជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម ក៏ដូចជារួមចំណែកលើកកម្ពស់គុណភាពនៃការផ្តល់សេវានានា ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ពួកគាត់ក្នុងសកម្មភាពនានារបស់សង្គម។

បើផ្អែកតាមកំណត់ត្រាវេជ្ជសាស្ត្រ អូទីស្សឹម ឬវិបត្តិលូតលាស់មិនប្រក្រតីនៃប្រព័ន្ធសរសៃប្រសាទ ដែលអាចសម្គាល់បាននៅពេលកុមារមានអាយុ ៣ឆ្នាំ និងភាគច្រើនកើតលើមនុស្សប្រុសជាងមនុស្សស្រី។ រីឯដោនស៊ីនដ្រូម គឺជាវិបត្តិនៃការចម្លងក្រូម៉ូសូមទី២១ស្ទួន ដែលនាំឱ្យក្រូម៉ូសូមពួកគាត់មានរហូតដល់៤៧ ដែលមនុស្សធម្មតាមាន៤៦។ ការវិវត្តមិនប្រក្រតីនេះធ្វើឱ្យប៉ះពាល់ខួរក្បាលនិងរាងកាយរបស់ពួកគេ។ អ្នកមានពិការភាពប្រភេទនេះ គឺជាក្រុមជនរងគ្រោះនិងងាយគ្រោះ ដែលទាមទារឱ្យយើងផ្តល់ការថែទាំនិងផ្តល់សេវាស្តារលទ្ធភាពពលកម្មទាំងផ្នែកកាយសម្បទា និងសតិបញ្ញាប្រកបដោយគុណភាព និងការយកចិត្តទុកដាក់ជូនពួកគាត់។

ក្នុងឱកាសនេះ លោក រដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ នាយកដ្ឋានសុខុមាលភាពជនពិការ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងដៃគូ អភិវឌ្ឍន៍នានា ដែលតែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការអនុវត្តកម្មវិធីការងារពាក់ព័ន្ធនឹងវិស័យពិការភាព ធ្វើឱ្យវិស័យនេះសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ដូចជា កម្មវិធីសុខភាពមាតានិងទារក កម្មវិធីបង្ការពិការភាពដល់ប្រជាជនគ្រប់រូប តាមរយៈការផ្តល់ថ្នាំការពារជំងឺដែលនាំឱ្យមានពិការភាព ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការស្តារលទ្ធភាពពលកម្មតាមបែបវេជ្ជសាស្ត្រ ការព្យាបាលដោយចលនា ការអប់រំកាយសម្បទា ការផ្តល់ឧបករណ៍រណបសិប្បនិម្មិត ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារដោះមីន និងជួយជនមាន ពិការភាពដោយសារមីន ការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការធ្វើសមាហរណកម្មជនមានពិការភាពទៅក្នុងសង្គមជាដើម៕

To Top