ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា លោកខាងលិច នឹងត្រូវទទួលស្គាល់អ៊ីរ៉ង់ ថាជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រនុយក្លេអ៊ែរ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា បណ្តាប្រទេសលោកខាងលិច នៅទីបំផុតនឹងត្រូវទទួលស្គាល់អ៊ីរ៉ង់ ថាជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រក្នុងវិស័យបច្ចេកវិទ្យា នុយក្លេអ៊ែរដោយសន្តិវិធី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ។

ថ្លែងក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់អង្គការថាមពលអាតូមិកអ៊ីរ៉ង់ លោក Araghchi បានសរសើរសមិទ្ធផល របស់ប្រទេសនេះក្នុងវិស័យ នុយក្លេអ៊ែរ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ទីក្រុងតេអេរ៉ង់ ក្នុងការការពារសិទ្ធិនុយក្លេអ៊ែរ របស់ខ្លួន។

លោក Araghchi បានលើកឡើងថា “គោលដៅចម្បងរបស់លោកខាងលិច គឺដកហូតសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនពីអ៊ីរ៉ង់ និងរក្សាភាពផ្តាច់មុខរបស់ខ្លួន” ដោយបន្ថែមថា “បណ្តាប្រទេសលោកខាងលិចនៅទីបំផុតនឹង គ្មានជម្រើសអ្វីក្រៅពីទទួលស្គាល់អ៊ីរ៉ង់ ថាជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រសម្រាប់ ឧស្សាហកម្មនុយក្លេអ៊ែរដោយសន្តិវិធីនោះទេ”។

លោកបានបន្ដថា វឌ្ឍនភាពរបស់អ៊ីរ៉ង់ក្នុងវិទ្យាសាស្ត្រនុយក្លេអ៊ែរគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងការលះបង់អស់រយៈពេលជាច្រើនឆ្នាំដោយអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ ហើយបានបញ្ជាក់ជាថ្មីថា គ្មាននរណាម្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ នឹងបោះបង់ចោលសិទ្ធិនុយក្លេអ៊ែររបស់ប្រទេសនោះទេ។

លោកបានបន្ថែមថា អ៊ីរ៉ង់ បានខិតខំបង្ហាញពីលក្ខណៈសន្តិភាព​ នៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយសហការជាមួយ ស្ថាប័នអន្តរជាតិ រួមទាំងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។ រដ្ឋាភិបាលលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ ជាយូរមកហើយថា កំពុងបន្តផលិត អាវុធនុយក្លេអ៊ែរ។ ទីក្រុងតេអេរ៉ង់ បដិសេធការចោទប្រកាន់នេះ ដោយថាកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនមាន គោលបំណងផលិតថាមពល និងគោលបំណងវេជ្ជសាស្រ្តប៉ុណ្ណោះ៕

To Top