សៀមរាប ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក. (វីតាល់) សហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមបានរៀបចំយុទ្ធនាការ បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ ៖ “បរិច្ចាគឈាម សង្គ្រោះជីវិតិ” ជាលើកទី ១ ដែលបានប្រព្រឹត្តទៅ នៅផ្សារហេរីថេកវ៉ក ខេត្តសៀមរាប កាលពីថ្ងៃទី២៤ មេសា ២០២៥ ទទួលបានការ ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ពីនិស្សិត មន្ត្រីរាជការ និងសប្បុរសជនជាច្រើន គួរឱ្យកត់សម្គាល់ ។

កម្មវិធីនេះ ទទួលបានការចូលរួម ក្រោមអធិបតីភាពពីសំណាក់ លោក នាក់ ណេរ៉ុន អភិបាលរង តំណាង លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម, ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តសៀមរាប, អ្នកផលិតមាតិកា និងនិស្សិតប្រមាណ ៣០០នាក់។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក. (វីតាល់) បានមានប្រសាសន៍ថា មូលនិធិ ២៥រៀល របស់ វីតាល់ជានិច្ចកាល តែងតែបន្តចូលរួមឧបត្ថម្ភគាំទ្រ នូវកិច្ចការងារសង្គម ក្នុងនោះ គឺមានការងារ ចុះប្រមូលអំណោយឈាម តាមរយៈការសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ហើយថ្ងៃនេះផ្ទាល់ វីតាល់ បានរៀបចំកម្មវិធីបរិច្ចាគឈាមជាលើកទី១ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប ។

លោកជំទាវ បានបន្តទៀតថា ការបរិច្ចាគឈាមគឺ មិនមានការប៉ះពាល់ ដល់សុខភាពនោះទេ តែផ្ទុយទៅវិញ គឺនាំមកនូវ សុខភាពល្អ និងផ្ដល់ជាអំណោយសម្រាប់ជីវិត ជូនដល់ជនរងគ្រោះប្រកបដោយក្ដីសង្ឃឹម ដែលមានតម្លៃ ពុំអាចកាត់ថ្លៃបាន ព្រោះឈាមពុំអាចផលិតឡើង រោងចក្របាននោះទេ ប្រភពតែមួយគត់ ដែលមិនចេះរីងស្ងួត ប្រកបដោយប្រសិទ្ធិភាព -សុខសុវត្ថិភាពនោះ គឺការបរិច្ចាគដោយស្ម័គ្រចិត្ត ចេញពីសប្បុរសជនម្នាក់ៗ ។ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការដ៏ក្លៀវក្លានាថ្ងៃនេះ កំណើន នៃសប្បុរសជនបរិច្ចាគឈាម នៅខេត្តសៀមរាបនឹងបន្តកើនឡើង ពិេសសកើតចេញពីការចូលរួម របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាខេត្តសៀមរាប ដើម្បីបំពេញស្តុកឈាមសុវត្ថិភាព ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប បានមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ខេត្តសៀមរាបបានដាក់ចេញ នូវផែនការអាទិភាពជាច្រើន និងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួម និងផ្ដល់កិច្ចសហការលើការ ពង្រឹងលើកកម្ពស់ សេវាសុខភាព សាធារណៈដល់ប្រជាជន ។ ក្នុងនោះការចូលរួមផ្ទាល់ ពីវិស័យឯកជន និងសប្បុរសជននានា គឺពិតជាពុំអាចខ្វះបានឡើយ ដើម្បីជម្រុញឱ្យវិស័យសុខាភិបាលនៅក្នុងខេត្ត កាន់តែរីកចម្រើនបន្ថែមទៀត ។

ឆ្លៀតក្នុងឱកាសនេះ លោកបានសម្តែងនូវការកោតសរសើរ ចំពោះការចូលរួមចំណែក លើការងារសង្គមដ៏ថ្លៃថ្លារបស់ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) តួយ៉ាងកម្មវិធិថ្ងៃនេះ ដែលបានផ្ដួចផ្ដើម រៀបចំផ្សព្វផ្សាយ បំផុសគំនិត នៃចលនា បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្នុងការប្រមូលអំណោយឈាមពីសប្បុរសជននៅមូលដ្ឋានខេត្តសៀមរាប។ បន្ថែមពីនេះ លោកក៏សូមចូលរួមអំពាវនាវ ដល់សប្បុរសជន ពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន បន្តចូលរួមសកម្មភាព បរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត មិនមែន សម្រាប់តែក្នុងកម្មវិធីថ្ងៃនេះទេប៉ុណ្ណោះទេ តែនឹងបន្តបរិច្ចាគឈាម ដោយស្ម័គ្រជាប្រចាំ ព្រោះនេះជាកាយ វិការមនុស្សធម៌ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃ បានសម្រាប់សង្គម និងមនុស្សជាតិរបស់យើង។

គួរបញ្ជាក់ផងដែរថា រាល់សកម្មភាពសប្បុរសធម៌ និងការចូលរួមលើ សកម្មភាពសង្គមនានា របស់វីតាល់ អាចកើតឡើង មានបានក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់របស់វីតាល់ផ្ទាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្មក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប មកប្រើប្រាស់ជាមូលធន សម្រាប់ការងារសង្គម។ វីតាល់ នឹងបន្តរក្សានូវមូលដ្ឋាន នៃការរៀបចំ និងឧបត្ថម្ភគាំទ្រ ដល់គ្រប់រូបភាពនៃសកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាម ពីគ្រប់ស្ថាប័ន ដើម្បីចូលរួមចំណែក ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាម នៅតាមស្ថាប័នសុខាភិបាលនានា ៕ «វីតាល់មោទនភាព ផលិតផលជាតិ»











