ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងផ្គត់ផ្គង់យន្តហោះ គ្មានមនុស្សបើក ១០០.០០០គ្រឿង ដល់អ៊ុយក្រែន

RT News

បរទេស ៖ ចក្រភពអង់គ្លេស បានសន្យាផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកថ្មីចំនួន ១០០.០០០ គ្រឿងដល់អ៊ុយក្រែនត្រឹមខែមេសា ឆ្នាំ ២០២៦ បន្ថែមពីលើ យន្តហោះគ្មានមនុស្ស បើកចំនួន ១០.០០០គ្រឿង ដែលខ្លួនបានបញ្ជូនកាលពីឆ្នាំមុន ។ សេចក្តីប្រកាសនេះស្របគ្នា នឹងការពិនិត្យឡើងវិញ នូវយុទ្ធសាស្ត្រការពារជាតិដែលទើបនឹងដាក់បង្ហាញរបស់ចក្រភពអង់គ្លេស ដែលស្នើរសុំឱ្យមានវិធានការ ដើម្បីបំពាក់អាវុធដល់យោធាខ្លួន ដោយគិតពីអ្វីដែលខ្លួនលាបពណ៌ ជាការគំរាមកំហែង ដែលបង្កឡើងដោយរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងឡុងដ៍បានត្រៀមថវិកាចំនួន ៤៧០ លានដុល្លារដុល្លារ ពីកញ្ចប់យោធាអ៊ុយក្រែនចំនួន ៤,៥ ពាន់លានផោន ដើម្បីផ្តល់មូលនិធិ ដល់ការដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកថ្មី ទៅកាន់ទីក្រុងគៀវ , នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃពុធ ។ រដ្ឋមន្ត្រីការពារជាតិ ចក្រភពអង់គ្លេស លោក John Healey ត្រូវបានគេរំពឹងថា នឹងរៀបរាប់លម្អិតអំពីគំនិតផ្តួចផ្តើមនេះ នៅឯកិច្ចប្រជុំក្រុមទំនាក់ទំនងអ៊ុយក្រែន នាពេលខាងមុខនៅទីក្រុងព្រុចសែល ។

ទីក្រុងឡុងដ៍បាននិយាយថា “កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានបង្ហាញពីប្រសិទ្ធភាព នៃសង្គ្រាមយន្តហោះគ្មានមនុស្សបើក” ដោយទទួលស្គាល់ថា តម្រូវការរបស់ទីក្រុងគៀវ សម្រាប់យន្តហោះគ្មានមនុស្សបើក គឺ បានផ្តល់នូវការជំរុញដល់សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស។

អង់គ្លេសក៏បានបង្ហាញពីផែនការប្រើប្រាស់ បទពិសោធន៍យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដើម្បីហ្វឹកហាត់យោធារបស់ខ្លួន។ ដើម្បី “រៀនមេរៀនពីអ៊ុយក្រែន” ចក្រភពអង់គ្លេស នឹងត្រៀមប្រាក់ជាង ៤ ពាន់លានផោនសម្រាប់ប្រព័ន្ធស្វយ័ត និងយន្តហោះគ្មានមនុស្សបើក សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។

អ៊ុយក្រែនបានធ្វើការ វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក រួមទាំងប្រឆាំងនឹងទីតាំងជនស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីការកើនឡើង នៃជម្លោះក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។ ការវាយប្រហារបានកាន់តែខ្លាំងឡើងចាប់តាំងពីការបន្តកិច្ចចរចាសន្តិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។ រុស្ស៊ីបានអះអាងថា អ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ ជាពិសេសចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ កំពុងជំរុញឱ្យមានសង្គ្រាមយន្តហោះគ្មានមនុស្សបើក ដើម្បីបង្អាក់កិច្ចពិភាក្សា និងបម្រើរបៀបវារៈនយោបាយរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា

To Top