ព័ត៌មានជាតិ

កម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីរួម WISE ដើម្បីពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងថាមពលកកើតឡើងវិញ

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ សហប្រជាជាតិប្រចាំ នៅកម្ពុជា រួមមាន យូនីសេហ្វ (UNICEF) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីរួមស្តីពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពលឆ្លាតវៃ (WISE ) ដែលជាកម្មវិធីហិរញ្ញប្បទានចម្រុះ ដ៏លេចធ្លោមួយ ដើម្បីពន្លឿនការទទួលបានសេវាទឹកស្អាត ដែលមានសុវត្ថិភាព និងធន់នឹងអាកាសធាតុនៅទូទាំងប្រទេសកម្ពុជា ។

ក្រោមការផ្តល់ហិរញ្ញប្បទានពីមូលនិធិរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ កម្មវិធី WISE បង្ហាញគំរូហិរញ្ញប្បទានឈានមុខមួយ  ដែលរួមបញ្ចូលមូលធនពាណិជ្ជកម្ម និងមូលធនមានការប្រាក់ទាប ជាយន្តការហិរញ្ញប្បទានចម្រុះវិលជុំ ផ្តោតលើការធានាឱ្យមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតឆ្លាតវៃដែលធន់នឹងអាកាសធាតុ។

តាមរយៈការរួមបញ្ចូលកច្ចីសម្បទាន និងកម្ចីពាណិជ្ជកម្ម យន្តការនេះជួយកាត់បន្ថយថ្លៃដើមនៃកម្ចី សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ទាំងប្រតិបត្តិករទឹកស្អាតឯកជន ស្ថាប័ន ហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា។ ជំនួយនេះមានសារសំខាន់ណាស់ ដោយសារកុមារកម្ពុជា ប្រមាណ ១,៩ លាននាក់ (ជាងមួយភាគបីនៃកុមារកម្ពុជា) កំពុងរស់នៅក្នុងឃុំ ដែលប្រឈមនឹងហានិភ័យ អាកាសធាតុខ្ពស់ រួមទាំងគ្រោះរាំងស្ងួត និងទឹកជំនន់ញឹកញាប់ ព្រមទាំងសេវាទឹកស្អាត និងអនាម័យ នៅមានកម្រិតនៅឡើយ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា “ប្រតិបត្តិករទឹកស្អាតឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ប្រតិបត្តិករទាំងនោះនៅបន្តមានបញ្ហាប្រឈម ក្នុងការទទួលបានហិរញ្ញប្បទានដែលមានតម្លៃសមរម្យ សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរមកប្រើប្រាស់ថាមពលកកើតឡើងវិញ”។

កម្មវិធី WISE គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិរបស់យើង ដើម្បីធ្វើទំនើបកម្មវិស័យទឹកស្អាត ពង្រីកការទទួលបានទឹកស្អាត និងជំរុញការប្តេជ្ញាចិត្តរបស់យើង លើបញ្ហាអាកាសធាតុ។ តាមរយៈការនាំយកនវានុវត្តន៍ ការវិនិយោគ និងចីរភាពរយៈពេលវែងដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់កម្ពុជា ភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជានេះ រំពឹងថានឹងជួយធ្វើឱ្យប្រសើរឡើង នូវសេវាកម្មផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជាង ២០០.០០០ នាក់នៅទូទាំងប្រទេស។

លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា “ការទទួលបានសេវាទឹកស្អាត ដែលធន់នឹងអាកាសធាតុ គឺជារឿងចាំបាច់សម្រាប់សុខុមាលភាពគ្រួសារ ព្រមទាំងសុខភាព និងការសិក្សារបស់កុមារ”។

តាមរយៈកម្មវិធី WISE នេះ កម្ពុជាកំពុងចាត់វិធានការយ៉ាងមុតមាំ ដើម្បីធានាថាកុមារ និងក្រុមគ្រួសារ ជាពិសេសអ្នកដែលនៅតំបន់ឆ្ងាយ ទទួលបានអត្ថប្រយោជន៍ពីទឹកស្អាតដែលមានថ្លៃសមរម្យ និងមានចីរភាព ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ៕

To Top