ព័ត៌មានជាតិ

ក្រសួងការងារ និងសាកលវិទ្យាល័យ Jungwon របស់ប្រទេសកូរ៉េ ពិភាក្សារកឱកាសបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក គីវ៉ុន ចាង (Kiwon Jang) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Jungwon នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃឱកាសបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស លើការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងសមត្ថភាពធនធានមនុស្សតាមរយៈវិស័យ TVET ។

ក្នុងឱកាសនោះ លោក​រដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គីវ៉ុន ចាង និងសហការី ដោយឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយកិច្ចប្រជុំនាពេលនេះ គឺជាឱកាសដ៏ល្អមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តការរវាងភាគីទាំងពីរ ជាពិសេសនៅក្នុងវិស័យការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

លោក​បានលើកឡើងពីសារៈសំខាន់នៃកម្មវិធី TVET នៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងប្រទេសជាតិ ជាពិសេសនៅក្នុងដំណាក់កាលដំបូង។ នៅដំណាក់កាលដំបូងនៃបដិវត្តឧស្សាហកម្មពឹងផ្អែកលើ TVET ដែលត្រូវការពេលបណ្តុះបណ្តាលរយៈពេលខ្លី ដើម្បីអាចទទួលបានការងារធ្វើភ្លាមៗសម្រាប់ប្រជាពលរដ្ឋ។ កម្មវិធី TVET នេះ សមស្របនឹងតម្រូវការក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រជាជនជាច្រើនកំពុងស្វែងរកការងារ និងចង់ចូលទៅកាន់ទីផ្សារការងារឱ្យបានឆាប់ ដើម្បីទទួលបានប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ ជាពិសេស សម្រាប់គ្រួសារក្រីក្រ។

លោក​មានប្រសាសន៍បន្តថា ប្រព័ន្ធ TVET កម្ពុជា មានចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់សញ្ញាបត្របច្ចេកទេស និងវិស្វកម្មអនុវត្ត ហើយ នៅក្នុងអាណត្តិនេះ កម្ពុជាកំពុងផ្តល់អាទិភាពច្រើនលើកម្រិតវិញ្ញាបនបត្រ ជាជាងថ្នាក់បរិញ្ញាបត្រ ពីព្រោះកម្ពុជាចង់ប្រើប្រាស់កម្មវិធី TVET ជាមធ្យោបាយសម្រាប់ភ្ជាប់គ្រួសារក្រីក្រ ទៅកាន់ទីផ្សារការងារ ដោយផ្តល់ជំនាញសមស្រប ដែលអាចជួយឲ្យពួកគាត់ទទួលបានការងារក្នុងប្រព័ន្ធផ្លូវការ ដែលអាចផ្តល់អត្ថប្រយោជន៍ច្រើន លើសពីប្រាក់ឈ្នួល។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងវិនិយោគយ៉ាងខ្លាំងលើការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈម្មវិធី TVET នេះដែរ ដែលផ្តល់ជំនាញដោយឥតគិតថ្លៃ និងបត់បែនដល់យុវជន ព្រមទាំងកម្លាំងពលកម្មស្របតាមតម្រូវការ និងការផ្លាស់ប្តូរឧស្សាហកម្មទីផ្សារការងារ។

ជាការឆ្លើយតប លោក គីវ៉ុន ចាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់ ក៏ដូចជាបានបង្ហាញពីយុទ្ធសាស្រ្តការងារក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកបានលើកឡើងថា លោកមានបទពិសោធជាច្រើននៅក្នុងវិស័យ TVET តាមរយៈការងារផ្នែកអប់រំនៅក្នុងប្រទេសកូរ៉េ នៅអង្គការអន្តរជាតិ និងនៅបរទេសផងដែរ។ ហេតុនេះ លោកមានការយល់ដឹងយ៉ាងច្បាស់ពីភាពចាំបាច់នៃ TVET ក្នុងដំណើរការអភិវឌ្ឍប្រទេស ហើយលោកក៏ចាប់អារម្មណ៍យ៉ាងខ្លាំងលើតួនាទីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសទាក់ទងនឹងវិស័យ TVET នេះ។

លោកក៏បានឲ្យដឹងដែរថា សាកលវិទ្យាល័យ Jungwon ទទួលបានកញ្ចប់អាហារូបករណ៍ពី KOICAផងដែរ សម្រាប់ថ្នាក់អនុបណ្ឌិតលើជំនាញអគ្គិសនី និងអេឡិចត្រូនិច ដែលជាឱកាសសម្រាប់បញ្ជូនគ្រូ TVET កម្ពុជាទៅបន្តការសិក្សា។

តាមរយៈជំនួបដ៏មានសារៈសំខាន់ប្រកបដោយផលិតភាព និងមានចក្ខុវិស័យនេះ ភាគីទាំងពីរសង្ឃឹមថា នឹងបង្កើតកិច្ចសហប្រតិបត្តិការដ៏ល្អមួយនាពេលអនាគត ដើម្បីរួមគ្នាលើកកម្ពស់កម្មវិធី TVET ជាលក្ខណៈទ្វេភាគីរវាងប្រទេសកូរ៉េ និងកម្ពុជា៕

To Top