អតីតពលករខ្មែរ ត្រឡប់ពីថៃ ៖ កម្ពុជា មិនខ្វះការងារ ធ្វើដូចការលើកឡើង របស់អង្គការក្រៅរដ្ឋាភិបាល មួយចំនួននោះទេ
ភ្នំពេញ៖ អតីតពលករខ្មែរ ដែលកំពុងបម្រើការងាររោងចក្រ នៅខេត្តកំពង់ស្ពឺ បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជាមានឱកាសការងារដ៏សម្បូរបែប ដែលអាចជំនួសការងារនៅប្រទេសថៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន បើទោះបីជាអង្គការក្រៅរដ្ឋាភិបាលខ្លះផ្សាយរបាយការណ៍ មានចេតនាបន្ទុចបង្អាក់ វឌ្ឍនភាពការងារនៅកម្ពុជាក៏ដោយ។

អ្នកស្រី ចក់ គន្ធា អតីតពលករខ្មែរ ដែលកំពុងបម្រើការងារនៅរោងចក្រ ធី អេស ស្ព័ត (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺបាននិយាយថា នៅពេលដែលអ្នកស្រី បានចាកចេញពីប្រទេសថៃ ហើយធ្វើដំណើរ មកដល់ព្រំដែនកម្ពុជា-ថៃ អ្នកស្រីទទួលបានឱកាសការងារពីមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលនៅរង់ចាំទទួលពលករខ្មែរនៅតាមច្រកព្រំដែន។

អ្នកស្រីធ្លាប់បានគិតថា នៅពេលមកដល់កម្ពុជាវិញ នឹងមិនអាចរកការងារធ្វើបានទេ ហើយជីវភាពរបស់អ្នកស្រីនឹងជួបការលំបាក ប៉ុន្ដែការគិតទាំងអស់នេះផ្ទុយស្រឡះ និងខុសពីការពិត ដោយសារអ្នកស្រី និងស្វាមីទទួលបានការងារភ្លាមៗនៅតាមច្រកព្រំដែនតែម្ដង។

អ្នកស្រី គន្ធា បានបញ្ជាក់ថា៖«ពេលនៅធ្វើការស្រុកថៃ ខ្ញុំលឺតែគេនិយាយថា ស្រុកខ្មែរយើងមិនមានការងារធ្វើទេ ប៉ុន្ដែនៅពេលមកដល់ព្រំដែន ខ្ញុំទទួលបានការងារធ្វើភ្លាមៗ ហើយខ្ញុំក៏មិននឹកស្មានថា រកការងារធ្វើបានងាយៗ បែបនេះដែរ ។ ឥឡូវនេះ ខ្ញុំបានហៅបងប្អូនខ្ញុំមកធ្វើការងារនៅស្រុកខ្មែរយើងវិញអស់ហើយ គឺពួកគាត់កំពុងធ្វើការងារជាមួយខ្ញុំដែរ។ ជីវភាពខ្ញុំសព្វថ្ងៃនេះ គឺបានគ្រាន់បើជាងមុន ព្រោះខ្ញុំមានចំណូលប្រចាំខែ»។
អ្នកស្រី រី សាម៉ុន អតីតពលករដែលកំពុងបម្រើការងារនៅខេត្តកំពង់ស្ពឺបាននិយាយថា៖«នៅពេលដែលខ្ញុំបានចូលដល់ទឹកដីខ្មែរយើង គឺខ្ញុំទទួលបានបាយ ទឹក និងមានឡានជូនមកដល់ផ្ទះទៀត ដែលធ្វើឱ្យខ្ញុំភាពកក់ក្ដៅក្នុងចិត្ត។ ក្រោយមកខ្ញុំបានទាក់ទងមកលេខ ១២៩៧ ដែលគេចែក ឱ្យខ្ញុំនៅតាមព្រំដែន ហើយក្រោយមកខ្ញុំក៏ទទួលបានការងារនៅខេត្តកំពង់ស្ពឺ នេះតែម្ដង»។

លោក សឿង កវី អតីតពលករ ដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យបាននិយាយថា លោកទទួលបានឱកាសការងារនៅក្នុងរោងចក្រមួយនៅខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យជីវភាពរបស់លោកធូរធាឡើងវិញ បន្ទាប់ពីត្រឡប់មកពីប្រទេសថៃ និងសម្រាកនៅផ្ទះរយៈពេលមួយខែ។
លោកបន្តថា៖«ខ្ញុំទទួលបានចំណូលប្រចាំខែវិញហើយ ជីវភាពមិនសូវលំបាកដូចមុនដែរ ដោយសារខ្ញុំមានការងារធ្វើតាមរយៈក្រុមការងារក្រសួង ដែលបានចុះទៅផ្សព្វផ្សាយវេទិកានៅភូមិស្រុករបស់ខ្ញុំឯខេត្តបន្ទាយមានជ័យ។ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយផ្ដល់ការងារឱ្យខ្ញុំបានធ្វើសព្វថ្ងៃនេះ»។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ក្នុងចំណោមជាង ៨០ម៉ឺននាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺននាក់ កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារ នៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់ ។

ក្រោយពីការវិលត្រឡប់យ៉ាងគំហុករបស់ពលករខ្មែរពីប្រទេសថៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ចេញនូវយន្តការសំខាន់ៗជាច្រើន ដើម្បីធានាក្នុងការផ្ដល់ឱកាសការងារជូនអតីតពលករខ្មែរ ។ ក្នុងចំណោមយន្តការសំខាន់នោះ ក្រសួងបានរៀបចំវេទិកាការងារសរុបជាង ៦០០លើក និងពិព័ណ៍ការងារចល័ត តាមមូលដ្ឋានប្រមាណជាង ១ ០០០លើក ដើម្បីផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា៕
