រដ្ឋមន្ត្រី ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មី រួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគ នៅខេត្តស្វាយរៀង
ស្វាយរៀង ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំ២០២៣-២០២៥ ចំនួន ៧៥៨អង្គ/នាក់ (ស្រី ២៩៣នាក់) ក្នុងចំណោមសិស្ស-និស្សិត សរុប២ ៧២៥នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដែលក្នុងនោះរួមមានសញ្ញាបត្រ បច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស ។

ក្នុងកម្មវិធីដែលមានអ្នក ចូលរួមជិត ១ ៥០០នាក់ លោករដ្ឋមន្រ្តីបានសម្តែង នូវការអបអរសាទរចំពោះសិស្ស-និស្សិត ដែលទទួលជ័យលាភី និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាទីមោទនៈរបស់វិទ្យាស្ថាន ដែលបានបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់។ ជោគជ័យនេះកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចាប់យកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET) ធ្វើជា “ស្ពានចម្លង” សម្រាប់កសាងអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។ លោកបានគូសបញ្ជាក់ថា ក្មួយៗ មាតាបិតា ក៏ដូចជាអាណាព្យាបាលគឺជាសាក្សីរស់ និងជាអ្នកផ្សព្វផ្សាយដ៏មានឥទ្ធិពលនៅថ្នាក់មូលដ្ឋានដែលបញ្ជាក់យ៉ាងច្បាស់ថា ការសិក្សា TVET ជាពិសេសកម្មវិធី ១,៥លាននាក់ គឺជាការជ្រើសរើសប្រកបដោយភាពវៃឆ្លាត ដោយសារតែការសិក្សាមានរយៈពេលខ្លី និងទទួលបានប្រាក់ខែឆាប់ៗ អាចផ្គត់ផ្គង់ជីវភាពគ្រួសារ និងជួយបំពេញតម្រូវការកម្លាំងពលកម្មជំនាញនៅកម្ពុជា ក៏ដូចជាជួយទាក់ទាញការវិនិយោគផងដែរ។

ទន្ទឹមនេះ លោកក៏បានរំលេចពីអត្ថប្រយោជន៍ជាច្រើន នៃកម្មវិធី ១,៥លាននាក់ ដែលជាអាទិភាពមួយ ក្នុងការកសាងមូលធនមនុស្ស របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវជីវភាពសមរម្យដល់ពលរដ្ឋនិងសម្រេចគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” និងអភិក្រម “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ”។

លោករដ្ឋមន្រ្តីបន្តថា ទោះបញ្ចប់ការសិក្សា ក្មួយៗសុទ្ធតែនៅមានឱកាសពង្រឹងសមត្ថភាព ផ្លាស់ប្តូរជំនាញ និងពង្រឹងជំនាញបន្ថែមទៀត នៅវិទ្យាស្ថាននេះឬសាលា TVETផ្សេងដើម្បីបំពេញតម្រូវការនៃកំណើនពលកម្មជំនាញទាំងក្នុងស្រុក តំបន់ និងសកល ដែលរួមចំណែកដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ ជាពិសសជួយសម្រេចទស្សនវិស័យជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ លើសពីនេះ ការទទួលសញ្ញាបត្រនេះ គឺគ្រាន់តែជាការបញ្ចប់ការសិក្សានៅសាលាតែប៉ុណ្ណោះ ប៉ុន្តែក្មួយៗនៅតែបន្តការរៀនសូត្របន្ថែមទៀតនៅក្នុងពិភពការងារ និងសង្គម ដែលលោកចាត់ទុកថា “រៀនដោយឥតគ្រូ ដោយគ្មានរូបមន្តច្បាស់លាស់”។ ជាមួយនឹងអ្នករួមអាជីពការងារ លោក ហេង សួរ បានជំរុញយុវជនត្រូវចេះ ពីការធ្វើទំនាក់ទំនង ការងារជាក្រុម និងសម្របសម្រួល ជាពិសេសត្រូវពូកែអង្កេត និងច្បិចយកចំណុចល្អៗ របស់ថ្នាក់ដឹកនាំខ្លួនមកកែច្នៃប្រើប្រាស់ ដើម្បីទទួលបានជោគជ័យក្នុងការងាររបស់ខ្លួន។

នៅក្នុងយុគសម័យឌីជីថលដែលទូរស័ព្ទដៃឆ្លាតវៃ កំពុងក្លាយជា “ឃ្លាំងព័ត៌មាន” លោករដ្ឋមន្រ្តីបានក្រើនរំលឹក ដល់យុវជនកុំចំណាយពេលច្រើនពេក លើបណ្តាញសង្គម ប៉ុន្តែត្រូវប្រើប្រាស់វាក្នុងការសិក្សាស្រាវជ្រាវ និងរៀនពីកម្មវិធីផ្សេងៗដោយខ្លួនឯងជាពិសេស បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនចំណេះដឹងបច្ចេកទេស ដែលជួយសម្រួល ដល់ការបំពេញការងារ។ លោក ហេង សួរ ក៏បានស្នើឱ្យវិទ្យាស្ថានខិតខំពង្រីក ភាពជាដៃគូជាមួយនឹងសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន កសិដ្ឋាន យានដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ឱ្យបានរឹតតែច្រើនបន្ថែមទៀត។ ជាមួយនឹងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ចនៃខេត្តស្វាយរៀង ដែលបានក្លាយជាខេត្តតារារះមួយនៅទិសខាងកើត លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងការងារនឹងខិតខំកៀរគរធនធានថវិកាដើម្បីបង្កើតជាវិទ្យាស្ថាន TVET មួយនៅក្នុងស្រុករមាសហែកនាពេលខាងមុខ ដែលជាការផ្តល់ឱកាសនិងជម្រើសថ្មីដល់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាជួយអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។

នាឱកាសនេះ លោក ម៉ែន អេង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថា ចំណេះដឹង ជំនាញរបស់ប្អូនៗដែលជាអ្នកបច្ចេកទេសនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារនៅខេត្តស្វាយរៀង ដែលកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដោយមានតំបន់សេដ្ឋកិច្ចពិសេសច្រើន ជាងគេនៅកម្ពុជាជាមួយនឹងបុគ្គលិក កម្មករជាង ១៦ម៉ឺននាក់។ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀងបានបង្ហាញពីរបាយការណ៍វឌ្ឍនភាពនៃវិទ្យាស្ថាន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល គ្រប់គ្រង និងផ្តល់សេវា TVET ទៅតាមតម្រូវការទីផ្សារការងារ។ វិទ្យាស្ថានបានប្តេជ្ញាខិតខំបង្កើនការចុះឈ្មោះចូលរៀនរបស់សិស្សនិស្សិតឱ្យបានគ្រប់កម្រិតសិក្សា ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលឱ្យស្របនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃបច្ចេកវិទ្យា៕




















